បាត់ដំបង៖ កម្លាំងផ្នែកជំនាញបាន ចុះកំណត់សញ្ញា នាំខ្លួនមនុស្សចំនួន ៣នាក់ ក្រោយលួចគាស់តូបលក់ដូរមួយកន្លែងក្នុងស្រុកសង្កែ យកបានស្រាបៀរចំនួន ៣៦កេសនៅរំលងអាធ្រាត។

កាលពីថ្ងៃទី ២៧ ខែកក្កដា កន្លងមកនេះកម្លាំងផ្នែកជំនាញរបស់អធិការនគរបាលស្រុកសង្កែបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣នាក់ នៅក្នុងតំបន់គ្រប់គ្រង បន្ទាប់ពីបក្សពួកជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពលួចគាស់ តូបលក់ចាប់ហួយមួយកន្លែងជារបស់ជនរងគ្រោះឈ្មោះ លឿប ប៊ុនយៀត ភេទស្រី អាយុ ៤៥ ឆ្នាំ នៅក្នុងក្រុមទី ១១ ភូមិដំ បូក ខ្ពស់ ឃុំអូរដំបង ស្រុកសង្កែ ហើយបានយកស្រាបៀរចម្រុះអស់ចំនួនសរុប ៣៦កេសកាលពីយប់រំលងអាធ្រាតថ្ងៃទី ២៦ ចូលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២។

ជនសង្ស័យខាងលើមានឈ្មោះនឿន ស៊ីណៃ ភេទប្រុស អាយុ ២០ឆ្នាំ, ឈ្មោះ រ៉ា វីរៈ ភេទប្រុស អាយុ ១៧ ឆ្នាំ និងឈ្មោះសារ៉ាត ធារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ទាំង ៣នាក់មានទីលំនៅក្នុងភូមិទួលល្វាង ឃុំអូរដំបង២ និងភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ដោយឡែកវត្ថុតាងស្រាបៀរដែលសមត្ថកិច្ចប្រមូលដកហូតបានមកវិញមានតែចំនួន ១៦កេសប៉ុណ្ណោះដោយជនសង្ស័យបញ្ជាក់ថាបានយកទៅលក់ដូរមួយចំនួន និងមួយចំនួនទៀតបានយកផឹកស៊ីអស់។

ករណីដដែលនេះកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តរៀបចំសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាកាតាមនីតិវិធី៕

អត្ថបទ៖​ ដំបងក្រញូង

Share.