ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា នៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២២  បានសម្រេចឃុំខ្លួន ជនត្រូវចោទ២នាក់ ១.ឈ្មោះ មិត្ត វីរៈ ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើតនៅខេត្តព្រះសីហនុ ២.ឈ្មោះ យក់ ប្រាវីត ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារព្រៃសម១ ជាបណ្ដោះអាសន្ន ពីបទ លួចមានស្ថានទម្ងន់ទោស( ប្រើកាំភ្លើងជ័រ និងកាំបិតគំរាមជនរងគ្រោះយកប្រាក់ តាមមាត្រា៣៥៣.៣៥៧ នៃក្រមព្រហ្មទណ្ឌ។

បើតាមសមត្ថកិច្ច នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២២:៣០នាទី ដោយទទួលបញ្ជាផ្ទាល់ ពីលោក វរសេនីយ៍ឯក សុខ ហេង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងផ្នែកជំនាញ ខណ្ឌបានសហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០២នាក់ បទលួចមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ (ប្រើប្រាស់អាវុធខ្លីជ័រនិងកាំបិតបុ័ងតោប្លន់យកលុយចំនួន១៥០០$ (មួយពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក) ឃាត់ខ្លួននៅលើដងផ្លូវលេខ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លើកទី១បានប្រព្រឹត្តបទល្មើសនៅចំណុច អ៊ីនធឺណេត ផ្ទះលេខ១៥២ ផ្លូវលេខ ២៥៥ ក្រុមទី៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ  កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល០៤:៥០នាទីទាបភ្លឺ និង មួយលើកទៀតនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅភូមិសន្សំកុសល សង្កាត់សន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អត្ថបទ៖ចតុមុខ

Share.