ភ្នំពេញ៖មន្ត្រីយោធាម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនខណ:មេឃកំពុងភ្លៀងជ្រុលបុករថយន្តបើកឆ្លងផ្លូវពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុងច្រកចូលបុរីមួយកន្លែងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ព្រីង សាមី អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធា មានស្រុកកំណើត ភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2BK-1047បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ពេលមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងឆ្លងផ្លូវចូលទៅបុរី ស្របពេលដែលមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CU-3707ជិះដោយជនរងគ្រោះជាមន្ត្រីយោធាច្រាសទិដៅគ្នាក្នុងល្បឿនលឿនជ្រុលបុករថយន្តចំផ្នែកខាងក្រោយទ្វារខាងស្ដាំពេញទំហឹងដាច់រានម៉ូតូមុខជាប់រថយន្ត ហើយម៉ូតូចូលក្រោមរថយន្តបណ្ដាលអោយអ្នកជិះម៉ូតូបោកស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។ ចំណែកឯអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចុះវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ។

ចំណែកសពសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖សេង សាវី

Share.