នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denis Shmigal បាននិយាយកាលពីថ្ងៃ អង្គារថា ប្រទេសអ៊ុយក្រែននឹងស្នើសុំឲ្យសហរដ្ឋអាមេរិកផ្ដល់ឧស្ម័នធម្មជាតិដោយឥតគិតថ្លៃមកឲ្យទីក្រុង កៀវ សម្រាប់រដូវរងាដែលនឹងមកដល់នាពេលខាងមុខនេះ។ ទន្ទឹមនឹងនោះ សហភាពអឺរ៉ុបបានកំណត់ការបែងចែកឧស្ម័នតាមបំពង់ Nord Stream នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT។

លោក Shmigal បានប្រកាសក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយថា «រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានសម្រេចចិត្តដាក់ពាក្យស្នើសុំទៅរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ដើម្បីផ្ដល់ឧស្ម័នដល់រដ្ឋរបស់យើងក្នុងរដូវរងា សម្រាប់ជួយរក្សាកំដៅប្រជាជនរបស់យើង»។ នេះបើយោងតាមការសរសេរលើ Telegram របស់លោក។

លោកនាយករដ្ឋមន្រ្តីបន្ដថា «ការស្នើសុំនេះ គឺធ្វើឡើងផ្អែកលើគោលការណ៍ដូចគ្នាដែលទីក្រុងវ៉ាស៊ីនតោន បានអនុវត្តកន្លងមក ចំពោះការគាំទ្រផ្នែកអាវុធ និង គ្រាប់រំសេវដល់រដ្ឋាភិបាលទីក្រុងកៀវ ហើយវាក៏ជាតម្រូវការចាំបាច់របស់ប្រជាជនអ៊ុយក្រែនសម្រាប់រដូវរងា ខាងមុខនេះ បន្ទាប់ពីសហភាព​អឺរ៉ុប​បាន​កំណត់​ការ​បែងចែក​ឧស្ម័ន»។

សំណើរបស់លោក Shmigal កើតឡើងនៅពេលដែលក្រុមហ៊ុនឧស្ម័នរបស់រដ្ឋអ៊ុយក្រែន Nafttogaz បានខកខានលើមូលបត្របំណុលរបស់ខ្លួន ហើយបានស្នើសុំពីរដ្ឋាភិបាលក្នុងទីក្រុង កៀវ ឲ្យជួយទទួលខុសត្រូវទាំងស្រុងចំពោះការរៃអង្គាសថវិកា ដើម្បីនាំចូលឧស្ម័នធម្មជាតិសម្រាប់រដូវកាលកំដៅនាពេលខាងមុខនេះ។

ទោះបីជាយ៉ាងណាក្ដី អតីតនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Yulia Timoshenko បានចោទប្រកាន់ក្រុមហ៊ុនឧស្ម័នរបស់រដ្ឋអ៊ុយក្រែន Nafttogaz ពីបទក្លែងបន្លំ កាលពីថ្ងៃ ច័ន្ទ ទី ២៥ ខែ កក្កដា ដើមសប្ដាហ៍នេះ។

ទន្ទឹមនោះ សហភាពអឺរ៉ុបបានប្រកាសពីផែនការកំណត់ការប្រើប្រាស់ឧស្ម័នដែលចាប់ផ្ដើមនៅក្នុង​ខែ សីហា ដើម្បីទប់ទល់នឹងការខ្វះខាតដែលអាចកើតមាន។ ឧស្ម័នធម្មជាតិភាគច្រើនត្រូវបាននាំចូលពីរុស្ស៊ី ហើយទីក្រុងម៉ូស្គូបានសន្យានឹងបំពេញកិច្ចសន្យារបស់ខ្លួន បើទោះបីជាមានការដាក់ទណ្ឌកម្មពីទីក្រុង ព្រុចសែល ពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ក៏ដោយ៕

ប្រភព៖ RT

Share.