បន្ទាយមានជ័យ៖ កម្ពុជាប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា.ថៃត្រូវបានភាគីថៃ កំណត់ឲ្យស្នាក់នៅទឹកដីថៃបានតែ២យប់៣ថ្ងៃ តែកម្ពុជាវិញបានតម្រូវឲ្យស្នាក់នៅរយៈពេល១សប្តាហ៍ ដែលប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតថារឿងអយុត្តិធម៌សម្រាប់អាជីវករលក់ផ្សាររ៉ូងក្លឿប្រទេសថៃ។


ថ្មីនេះឃើញផេករបស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះសារដែលជាការសំណូមពរពីប្រជាពលរដ្ឋ និងជាអាជីវករលក់ផ្សាររ៉ូងក្លឿប្រទេសថៃ សុំឲ្យមានភាពស្មើគ្នាចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា.ថៃដែលចេញ.ចូលទៅប្រទេសថៃខេត្តជាប់ជាយដែន២ខេត្តមានខេត្តស្រះកែវ និងខេត្តចាន់បូរី គឺនគរបាលអន្តោប្រវេសន៍វាយត្រាចេញម្តងអស់ចំនួន៥០បាតស្មើ៦.០០០រៀល ដែលអាចឲ្យពលរដ្ឋខ្មែរស្នាក់នៅបានត្រឹមតែរយៈ២យប់៣ថ្ងៃខុសកាលពីមុនបានរយៈពេល១សប្តាហ៍។ តែប្រជាពលរដ្ឋថៃចូលមកកម្ពុជាវិញបាន២ខេត្តជាប់ជាយដែនដូចគ្នាមានខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលវាយត្រាចេញម្តងពលរដ្ឋថៃអាចស្នាក់ខាងកម្ពុជាបានរយៈពេល១សប្តាហ៍ ពលរដ្ឋថាវាដូចជារឿងអយុត្តិធម៌ពេកសុំតែស្មើភាពគ្នាបានហើយ។


លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ ប្រជាពលរដ្ឋកម្ពុជាដែលចូលទៅប្រទេសថៃ២ខេត្តជាប់ជាយដែនគឺវាយត្រាចេញម្តងដោយអាជ្ញាធរភាគីថៃជាអ្នកកំណត់ឲ្យរយៈពេល៣ថ្ងៃខុសពីមុនបានរយៈពេល៧ថ្ងៃ តែប្រជាពលរដ្ឋថៃដែលចូលមកកម្ពុជា២ខេត្តជាប់ជាយដែនអាជ្ញាធរកម្ពុជាតម្រូវបានរយៈពេល៧ថ្ងៃដូចមុន។


លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា៖ មូលហេតុអាជ្ញាធរថៃតម្រូវអោយប្រជាពលរដ្ឋចូលស្នាក់នៅរយៈពេល៣ថ្ងៃព្រោះតែស្ថានភាពវិបត្តិកូវីដ.១៩ ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរខេត្តកម្ពុជាបានជួបប្រជុំពិភាក្សាជាមួយភាពថៃដើម្បីឲ្យប្រជាពលរដ្ឋចូលស្នាក់នៅបានរយៈពេល៧ថ្ងៃដូចមុន តែភាគីថៃមិនទាន់បានផ្តល់ចម្លើយនៅឡើយ តែប្រជាពលរដ្ឋថៃដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតអាជ្ញាធរកម្ពុជាបានអនុញ្ញាតិស្នាក់នៅរយៈពេល៧ថ្ងៃដូចមុន ព្រោះប្រទេសកម្ពុជាបរិបទកូវីដ.១៩ ត្រូវបានធូរស្រាលនិងប្រជាពលរដ្ឋកម្ពុជាបានចាក់វាក់សាំងការពារកូវីដ.១៩ រហូតដូសទី៥នេះជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ប៉ោយប៉ែត

Share.