ភ្នំពេញ៖បុរសជនជាតិបរទេសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកALPHARDជ្រុលទៅបុកគូទរថយន្តស៊េរីទំនើបមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកភាគីម្ខាងទៀត មិនបានទាមទារសំណងនោះឡើយនិងបើកចេញទៅបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២នៅត្រង់ចំណុចស្តុប ផ្លូវភ្លោះផ្សារថ្មី តាមបណ្ដោយផ្លូវព្រះនរោត្តម កែងផ្លូវ១៣០ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តស៊េរីទំនើបមួយគ្រឿងមិនស្គាល់ម៉ាក ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកALPHARDពណ៌សពាក់ស្លាកលេខភ្នំពេញ2BI-5970 បើកបរដោយ បុរសជនជាតិបរទេសម្នាក់សង្ស័យធ្វើដំណើរមកពីក្រោយជ្រុលបុកពេញទំហឹង បណ្ដាលឱ្យរថយន្ត ALHPARDរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ចំណែកម្ចាស់រថយន្តស៊េរីទំនើបមួយគ្រឿងទៀតមិនទាមទារសំណងនោះឡើយបានបើកចេញពីកន្លែងកើតហេតុបាត់។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានធ្វើទំនាក់ទំនងរកសាច់ញាតិដើម្បីមកយករថយន្តត្រឡប់ទៅផ្ទះវិញ៕
អត្ថបទ និង រូបភាព ៖ទូច វិច្ឆិកា

Share.