ភ្នំពេញ ៖ ក្រុមរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត រីថប ខិនថេនើរ សឺវីស (ខេមបូឌា) ឯ.ក ចតឈប់តម្រៀបគ្នា៣ជួរនៅលើផ្លូវជាតិ បង្កឲ្យកកស្ទះចរាចរលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ សឹងតែរាល់ថ្ងៃទៅហើយ ។

តាមប្រជាពលរដ្ឋ អ្នកធ្វើដំណើរ បានរអ៊ូរទាំ ថា ក្រុមហ៊ុនផែស្ងួត នៅចំណុចខាងលើ គិតតែប្រយោជន៍របស់ក្រុមហ៊ុនរបស់ខ្លួន មិនគិតពីបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ សឹងតែរាល់ថ្ងៃទៅហើយ។វត្តមានក្រុមរថយន្តកុងតឺន័រ ចតឈប់តម្រៀបគ្នាមាន២ជួរ ទៅ៣ជួរ នៅលើផ្លូវជាតិ បាត់អស់សណ្តាប់ធ្នាប់ បង្កឲ្យកកស្ទះចរាចរ អាចជាដើមចមនាំឲ្យមានគ្រោះថ្នាក់ដល់យានផ្សេង ដូចជានៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ គ្រាដែលរថយន្តព្រុសបន្ថយល្បឿនដោយសាររថយន្តកុងតឺន័រចតឈប់៣ជួរនៅខាងមុខ ស្រាប់តែមានរថយន្តដឹកឥដ្ឋបើកជ្រុលបុកពីក្រោយ រងខូចខាតដំណំ ។

ពលរដ្ឋបន្តទៀតថា កន្លងមកឃើញខាងសមត្ថកិច្ច អាជ្ញាធរ ចុះទៅដេញ ណែនាំចំពោះករណីយកផ្លូវ ធ្វើជាចំណតរថយន្តកុងតឺន័រដែរ តែមិនខុសណាពីអូសទូកកាត់ចកឡើយ ដោយសារគេឃើញមានរបៀបរៀបរយ បានតែមួយភ្លែត នៅមុខសមត្ថកិច្ច លុះពេលសមត្ថកិច្ចទៅវិញ កុងតឺន័រមកឈប់ចតដដែល ។

ពលរដ្ឋសំណូមពរដល់ម្ចាស់ក្រុមហ៊ុន ឲ្យគិតគូរដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង កុំគិតតែប្រយោជន៍របស់ក្រុមហ៊ុន ៕

អត្ថបទ៖តាតុង សែនជ័យ

Share.