សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គំនិតផ្ដួចផ្ដើមជូនលោកជំទាវ Folakemi Akinleye ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា។ បើតាមសម្ដេច ភាគីទាំងពីរ អាចពិនិត្យលទ្ធភាពរៀបចំយន្តការសហប្រតិបត្តិការជាទម្រង់អនុស្សារណៈ ឬកិច្ចព្រមព្រៀងជាមួយគ្នា។ នេះបើតាមព័ត៌មានចេញផ្សាយលើទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោមក្រោយជំនួបនារសៀលថ្ងៃទី២៨ ខែកក្កដា ម្សិលមិញ។

ការផ្ដល់គំនិតផ្ដូចផ្ដើមពីសម្ដេចក្រឡាហោម គឺបន្ទាប់ពីលោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្ដេចក្រឡាហោម អំពីគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការងារស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ព្រោះបច្ចុប្បន្ន លោកជំទាវបានអះអាងថាប្រជាពលរដ្ឋនីហ្សេរីយ៉ាមានចំនួនកាន់តែច្រើនបានធ្វើដំណើរមកកាន់កម្ពុជា ទាំងអ្នកទេសចរ និងអ្នកប្រកបមុខរបរក្នុងវិស័យផ្សេងផ្សេង។

សម្ដេចក្រឡាហោមក៏បាន ការលើកឡើងដែរថាភារកិច្ចស្នូលដ៏ធំមួយនៅក្នុងក្របខ័ណ្ឌនៃសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ គឺការងារសន្តិសុខ ដូច្នេះហើយភាគីទាំងពីរក៏អាចពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀង ឬក៏ជាអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងការងារសន្តិសុខ ជាពិសេសការងារឧក្រិដ្ឋកម្មឆ្លងដែន មានជាអាទិ៍អំពើជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនខុសច្បាប់ និងអំពើភេរវកម្មជាដើម។

លោកជំទាវឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ា បានសម្ដែងនូវសេចក្ដីរីករាយចំពោះគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ក្នុងការរៀបចំឲ្យមានក្របខ័ណ្ឌផ្លូវការនៃកិច្ចសហប្រតិបត្តិការតាមរយៈ MOU ឬកិច្ចព្រមព្រៀងណាមួយរវាងភាគីទាំងពីរ ដោយលោកជំទាវបានប្ដេជ្ញាត្រៀមខ្លួនធ្វើកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមទាំងក្រសួងការបរទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឈានទៅសម្រេចបាននូវគោលដៅរួមនៃគំនិតផ្ដួចផ្ដើមលើឯកសារកិច្ចសហប្រតិបត្តិការផ្លូវការ។

សម្ដេចក៏បានកត់សម្គាល់ដែរថាបីទោះបីជាមកដល់ពេលនេះ ប្រទេសទាំងពីរ ពុំទាន់មានកិច្ចសហប្រតិបត្តិការច្រើនជាមួយគ្នាក៏ដោយ ក៏ប៉ុន្តែតាមរយៈការបន្តអាណត្តិការទូតរបស់លោកជំទាវ ភាគីទាំងពីរសង្ឃឹម និងជឿជាក់ថា ភាគីទាំងពីរនឹងបន្តពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតវិញ ក៏បានជម្រាបជូនសម្ដេចថានឹងខិតខំស្វែងរកឱកាសដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើនថែមទៀតរវាងប្រទេសទាំងពីរ៕

Share.