តុលាការកំពូលស្រីលង្កា បានចេញសេចក្ដីជូនដំណឹងមួយទៅកាន់អតីតប្រធានាធិបតី Gotabaya Rajapaksa ដោយបញ្ជាឲ្យលោកបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី ០១ ខែ សីហា សម្រាប់ញត្តិដែលភ្ជាប់លោកជាមួយនឹងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

មន្រ្តីតុលាការកំពូលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន CNA ថា សេចក្ដីជូនដំណឹងត្រូវបានចេញកាលពីថ្ងៃ ពុធ ទី ២៧ ខែ កក្កដា ទាក់ទងនឹងញត្តិយ៉ាងហោចណាស់មួយ ដែលបានប្ដឹងអ្នកនយោបាយ និង មន្រ្តីរាជការដោយចោទប្រកាន់ថា ពួកគេទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ច។

បច្ចុប្បន្នលោក Rajapaksa កំពុងស្ថិតក្នុងប្រទេសសិង្ហបុរី ជាកន្លែងដែលលោកត្រូវបានផ្ដល់ការស្នាក់នៅរយៈពេល ១៤ថ្ងៃនៅទីនោះ ប៉ុន្ដែ CNA យល់ថា លោកអាចស្នាក់នៅក្នុងប្រទេសនេះរហូតដល់ថ្ងៃទី ១១ ខែ សីហា ដោយសារតែការពន្យាពេល។

ទាក់ទិននឹងការស្នាក់នៅក្នុងទឹកដីរបស់ប្រទេសសិង្ហបុរី ភាគីប្រទេសសិង្ហបុរីអះអាងថា លោក Rajapaksa មិនបានសុំសិទ្ធិជ្រកកោននយោបាយឡើយ ខណៈក្រុមសកម្មជនស្រីលង្កាអំពាវនាវឲ្យអាជ្ញាធរសិង្ហបុរីចាប់ខ្លួនអតីតប្រធានាធិបតីរបស់ខ្លួន។

វិបត្តិសេដ្ឋកិច្ចស្រីលង្កាបានធ្វើឲ្យប្រជាជនជាច្រើនទទួលរងនូវភាពតានតឹង និង ជួបប្រទះនូវខ្វះខាតធ្ងន់ធ្ងរដូចជា៖ ប្រេងឥន្ទនៈ ថាមពលអគ្គិសនី ស្បៀងអាហារ រូបិយប័ណ្ណបរទេស និង ថ្នាំពេទ្យជាដើម។

ប្រទេសនេះស្ថិតក្នុងភាពមិនប្រក្រតីជាផ្លូវការបន្ទាប់ពីបរាជ័យក្នុងការទូទាត់ការប្រាក់ក្នុងខែ ឧសភា។ ការធ្លាក់ចុះនៃរូបិយប័ណ្ណបរទេសរបស់ខ្លួនបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ដាំដូង រំខានដល់ការនាំចូល និង ខ្វះខាតធនធានសំខាន់ៗ និង សម្ភារៈចាំបាច់ផ្សេងៗ។

សូមរំលឹកថា អតីតប្រធានាធិបតីរូបនេះបានចាកចេញពីប្រទេសស្រីលង្កានៅថ្ងៃទី ១៣ ខែ កក្កដា តាមយន្ដហោះយោធា ហោះឆ្ពោះទៅកាន់ប្រទេស ម៉ាល់ឌីវ រួចបន្ដទៅ ប្រទេស សិង្ហបុរី បន្ទាប់ពីមានការតវ៉ាជាច្រើនខែ​ ដែលក្រុមបាតុករទាមទារឲ្យលោកចុះចេញពីតំណែងព្រោះតែការគ្រប់គ្រងប្រទេសមិនបានល្អ ធ្វើឲ្យប្រទេសជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និង អាក្រក់បំផុតចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨។

ប្រភពមួយចំនួនលើកឡើងថា លោក Rajapaksa មិនលាក់ខ្លួននៅសិង្ហបុរីទេ លោកអាចនឹងវិលត្រឡប់មកប្រទេសវិញ ក្រោយចាកចេញពីប្រទេសនោះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគមួយចំនួនលើកឡើងថា រលកថ្មីនៃការតវ៉ាអាចនឹងវាយលុកជាថ្មីលើប្រទេសដែនកោះនេះម្ដងទៀត ប្រសិនបើលោក Rajapaksa វិលត្រឡប់ចូលប្រទេសវិញ ខណៈការតវ៉ានៅតាមដងផ្លូវបានធូរស្រាលជាងមុនក្រោយលោក Ranil Wickremesinghe បានឡើងមកជំនួសតំណែងរបស់លោក ទាំងដែលពួកគេមិនពេញចិត្តសោះ៕

ប្រភព៖ CNA

Share.