នៅថ្ងៃទី 29 ខែកក្កដា ឆ្នាំ ២០២២នេះ ខាងស្ថានប័ន Miss Grand Cambodia បានរៀបចំព្រឹត្តិការណ៍ដ៏ធំនិងអស្ចារ្យ ដែលជាកម្មវិធីបើកបង្ហាញមុខកំពូលស្រីស្អាតដែលជាបេក្ខភាព Miss Grand Cambodia 2022 ទាំង ៣៥ រូប និងការបង្ហាញខ្លួនដ៏អស្ចារ្យរបស់កំពូលស្រីស្អាតកញ្ញាឯកដ៏អស្ចារ្យប្រទេសថៃ Miss Grand Thailand 2022 ទាំង ១០រូប។

នៅក្នុងឱកាសដើរបង្ហាញខ្លួនដ៏អស្ចារ្យនោះ ហ្វេនអ្នកគាំទ្រទាំងអស់ បានស្រែកហ៊ោកញ្ជ្រៀវឡើងរង្គើឆាក ដោយអ្នកខ្លះស្រែកឡើងនូវឈ្មោះបវរកញ្ញានីមួយៗដែលរូបពួកគេពេញ ដោយមើលទៅធ្វើឱ្យកម្មវិធីទាំងមូលពោរពេញដោយកម្លាំងចិត្តគាំទ្រយ៉ាងខ្លាំង។ ក្រៅពីនោះក៏មានសម្ដែង Show ពិសេស ដែលបង្ហាញជូនដោយលោក ច្រឹង ពលរដ្ឋ ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិ បានបកស្រាយបទចម្រៀងមួយបទនិងមានការដើរបង្ហាញម៉ូដអមដោយកញ្ញា ប៉ូ គីមថេងសុតធីតា Miss Grand Cambodia 2021 និងកញ្ញា ជីលី វេទី Miss Grand Cambodia 2020 ផងដែរ។

លោក អ៊ិន សុភិន អគ្គនាយកអ្នកគ្រប់គ្រងនិងរៀបចំកម្មវិធីប្រកួត Miss Grand Cambodia 2022 នេះ បានលើកឡើងថា លោកពិតជារំភើបខ្លាំងមែនទែនដែលបានសម្រេចបំណងចិត្តអ្នកគាំទ្រនៅកម្ពុជា ក្នុងការនាំកញ្ញាឯកដ៏អស្ចារ្យប្រទេសថៃ Miss Grand Thailand 2022 ទាំង ១០រូប មកកាន់ប្រទេសកម្ពុជា និងជួបជាមួយអ្នកគាំទ្រ។ លោកថា នេះក៏ជាលើកដំបូងហើយ ដែលលោកបានឈរនៅលើឆាកបង្ហាញបវរកញ្ញាលំដាប់អន្តរជាតិ ជាមួយនឹងអគ្គនាយក MGI គឺលោក Nawat Itsaragrisil ។ លោកបន្តនេះ ជាមោទនភាពមួយដែលនាំឱ្យប្រទេសកម្ពុជាកាន់តែមានមុខមាត់ចំពោះឆាកបវរកញ្ញាលំដាប់អន្តរជាតិ ហើយលោកនឹងបន្តការងារនេះឱ្យកាន់តែជោគជ័យថែមទៀតទៅថ្ងៃមុខ។

ដោយឡែក លោក Nawat Itsaragrisil ក៏បានបង្ហាញអារម្មណ៍ថា នេះគឺលើកដំបូងហើយ ដែលលោកបានឃើញគាំទ្រកម្ពុជា ច្រើនកុះករបែបនេះ បន្ទាប់ពីលោកមិនបានមកកាន់ប្រទេសកម្ពុជាចំនួន ៤ឆ្នាំមកហើយ។ លោកថា មួយរយៈកាលចុងក្រោយនេះ លោកសង្កេតឃើញប្រទេសកម្ពុជាមានភាពរីកចម្រើនគ្រប់វិស័យ ជាពិសេសគឺការគាំទ្រទៅលើកិច្ចស្ត្រី ។ លោករំពឹងថា កម្ពុជានឹងបានរកបេក្ខភាពបវរកញ្ញាឯកដ៏អស្ចារ្យ ២០២២ ឬ Miss Grand Cambodia ដ៏ស្រស់ស្អាត និងក្លាហ៊ាន ដើម្បីចូលរួមប្រកួតនៅលើវេទិកា Miss Grand International 2022 នៅប្រទស ឥណ្ឌូនេស៊ី។

សូមជម្រាបផងដែរថា កម្មវិធី Miss Grand Thailand 2022 នឹងប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៧ ខែសីហា ខាងមុខនេះហើយ យើងនឹងរង់ចាំមើលថា បេក្ខវរកញ្ញារូបណា នឹងបានមកុដយកមកគ្រង? ក្នុងចំណោមពួកគេទាំង ៣៥ រូប៕

Share.