Wednesday, August 17 Login

អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយនាថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ កក្កដា (ម៉ោងក្នុងស្រុក) ថា ទឹកជំនន់នៅភាគខាងកើតរដ្ឋ Kentucky បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៨នាក់ស្លាប់ ហើយត្រូវបានគេរំពឹងថា តួលេខអ្នកស្លាប់អាចកើនឡើងដល់ចំនួន ២ខ្ទង់ ខណៈទឹកជំនន់នៅតែបន្ដកើនឡើងខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃ សុក្រ ទី ២៩ ខែ កក្កដា ឆ្នាំ២០២២នេះ។

លោក Beshear បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅក្នុងស្រុកចំនួន៦ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ដោយនិយាយថា ព្យុះភ្លៀងជាបន្ដបន្ទាប់បានវាយប្រហារនៅភាគខាងកើតនៃរដ្ឋ ដែលបណ្ដាលឲ្យមានទឹកជំនន់នឹងបណ្ដាលឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលត្រូវចំណាយពេលច្រើនឆ្នាំក្នុងការជួសជុលឡើងវិញ។

លោក Beshear បាននិយាយនៅក្នុងសេចក្ដីប្រកាសអាសន្នថា «បច្ចុប្បន្នយើងកំពុងជួបប្រទះ នូវគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត ដោយវាបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ប្រជាជនក្នុងរដ្ឋ Kentucky មនុស្សរាប់រយនាក់កំពុងគ្មានផ្ទះសម្បែង»។

ក្នុងចំណោមអ្នកស្លាប់ទាំង ៨នាក់ មានស្រ្តីវ័យចំណាស់អាយុ ៨១ឆ្នាំម្នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ក្នុងគ្រោះមហន្ដរាយដ៏អាក្រក់នេះ ដោយអាជ្ញាធរតំបន់បាននិយាយថា មនុស្សជាច្រើននាក់ទៀតមិនត្រូវបានរាប់បញ្ចូលនោះទេ ទោះបីជាមិនទាន់បានកំណត់ពីតួលេខពិតប្រាកដក៏ដោយ។

ទាក់ទិននឹងបញ្ហានេះ លោកអភិបាលរដ្ឋ Kentucky បានលើកឡើងថា «នេះគឺជាគ្រោះមហន្ដរាយធម្មជាតិដ៏អាក្រក់បំផុត វាកំពុងបន្ដបំផ្លិចបំផ្លាញដោយសារភ្លៀងនៅតែបន្ដធ្លាក់បន្ថែមទៀតនៅយប់នេះ ដែលអាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ»។

យោងតាមគេហទំព័រ Poweroutage.us បានឲ្យដឹងថា ទឹកជំនន់ខាងលើបានធ្វើឲ្យប្រជាជនចំនួន ២៤,០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់នៅភាគខាងកើតរដ្ឋ Kentucky ខណៈដែលនាយកដ្ឋានប្រែប្រួលអាកាសធាតុសហរដ្ឋអាមេរិកព្យាករថា ស្ថានភាពអាកាសធាតុអាចនឹងត្រឡប់មករកភាពល្អប្រសើរឡើងវិញ នៅថ្ងៃ សុក្រ នេះ៕

ប្រភព៖ Reuters

Share.

Leave A Reply