ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបបួលបុរសម្នាក់ជាអ្នកស្គាល់រាប់អានគ្នាចូលដេកផ្ទះសំណាក់ ហើយប្រើល្បិចដាក់ថ្នាំសណ្តំនឹងបង្អែម ទឹកភេសជ្ជៈ ឲ្យជនរងគ្រោះ ងងុយដេកលង់លក់ ដោះយកគ្រឿងអលង្ការ ទ្រព្យសម្បត្តិ ម៉ូតូ សំណាងល្អចេញចុះមក ត្រូវបានអ្នកមើលការផ្ទះសំណាក់ សាកសួរ ដឹងសភាពមិនស្រួល បានរាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់ខ្លួនតែម្តង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះសំណាក់មានលាភ បន្ទប់លេខ១៦៣ ផ្លូវលេខ១ ក្រុមទី១ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ងិន ផានី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមេការហាងផឹកសុី មានទីលំនៅភូមិត្រពាំងស្គន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុក យឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ចុងភៅហាង មានទីលំនៅផ្ទះលេខZ8 ភូម/សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ មានម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1M-3009 , ខ្សែដៃប្លាកទីន តម្លៃ២៨០ដុល្លារ , ខ្សែកប្លាកទីនតម្លៃ៦២០ដុល្លារ , ទូរស័ព្ទដៃម៉ាក I phone 8 មួយគ្រឿង និងម៉ាកOPPO មួយគ្រឿង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យ ជាអ្នកស្គាល់រាប់អានគ្នា ៣ទៅ៤ឆ្នាំមកហើយ លុះដល់ល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យបានបបួលជនរងគ្រោះទៅដេកនៅផ្ទះសំណាក់ខាងលើជាមួយ បានជាគ្នា លុះគ្រាដែលជនរងគ្រោះរវល់តែចូលងូតទឹក ស្រាប់តែជនសង្ស័យដាក់ថ្នាំងងុយដេក ក្នុងបង្អែម និងទឹកស្ទីង ដែលទិញយកមកឲ្យជនរងគ្រោះ ហូបហើយជនរងគ្រោះងងុយ ទន់ភ្នែកដេកលក់ទៅ ជាឱកាសជនសង្ស័យដោះ លួចយកគ្រឿងអលង្ការ ទ្រព្យសម្បត្តិ ចុះចេញពីបន្ទប់ អូសម៉ូតូរបស់ជនរងគ្រោះចេញ តែត្រូវបានអ្នកមើលការផ្ទះសំណាក់ ឃើញសភាពមិនស្រួល សាកសួរ ឡើងទៅមើលក្នុងបន្ទប់ឃើញជនរងគ្រោះដេកស្តូក ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាប្រើល្បិចដាក់ថ្នាំងងុយដេក ដើម្បីលួចយកទ្រព្យសម្បត្តិជនរងគ្រោះពិតមែន ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំទៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ រីឯសម្ភារៈ សមត្ថកិច្ចសុំគោលការណ៍ ដើម្បីប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.