ដើម្បីស្រាយចម្ងល់របស់មហាជន ពាក់ព័ន្ធជាមួយនឹងផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី ខេត្ត ត្រូវបានបកស្រាយដោយ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី បានបកស្រាយ២០សំណួរ នៅក្នុងកម្មវិធី
MPWT LIVE SHOW ក្រោមប្រធានបទ ដោយផ្អែកលើបទប្បញ្ញត្តិជាធរមាន ដូចខាងក្រោម៖

១) តើផ្លាកលេខកម្ពុជា ផ្លាកលេខខេត្ត រាជធានី ខុសគ្នាដូចម្ដេច? ចម្លើយ៖ ភាពខុសគ្នារវាងផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានីខេត្តគឺ៖ ផ្លាកលេខកម្ពុជាជាលេខចុះបញ្ជីដែលអាចដាក់ជាឈ្មោះរបស់ខ្លួនបាន ឬអាចបង្គុំជ្រើសរើសលេខចុះបញ្ជីផ្សេង ដែលការបង្គុំនោះមានជាលេខ ឬ/និងអក្សរឡាតាំង តែមិនឱ្យលើសពី៨ខ្ទង់ឡើយ ហើយមិនកំណត់អត្តសញ្ញាណរបស់ម្ចាស់យានជំនិះទេ។ ដោយឡែកផ្លាកលេខសម្គាល់រាជធានីខេត្ត គឺជាលេខរថយន្តដែលមានទម្រង់ស៊េរីលេខពីខាងមុខដូចជា៖ A B និងមានលេខចុះបញ្ជីជាលេខ៤ខ្ទង់បន្ទាប់។ ឧទាហរណ៍ ភ្នំពេញ 2A-0001 ហើយលេខចុះបញ្ជីនេះ អនុញ្ញាតឱ្យទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ម្ចាស់យានជំនិះ។

២) តើផ្លាកលេខកម្ពុជាអាចធ្វើនៅមន្ទីរសាធារណការខេត្តបានទេ? ចម្លើយ៖ បងប្អូនអាចមានជម្រើស ច្រើនក្នុងការដាក់ពាក្យស្នើសុំសេវាចុះបញ្ជីបំពាក់ផ្លាកលេខកម្ពុជាបាន អាចដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ Online (https://vehicle.mpwt.gov.kh) ដោយខ្លួនឯង ឬអាច ស្នើសុំសេវានៅតាមមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង ឬតាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្តបាន មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្ត នឹងសម្របសម្រួលរៀបចំសំណុំឯកសារបញ្ជូនមកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីពិនិត្យ និងសម្រេច។

៣) ផ្លាកលេខកម្ពុជាមានតម្លៃប៉ុន្មាន? ចម្លើយ៖ ផ្លាកលេខកម្ពុជាមានតម្លៃពីទាបទៅខ្ពស់ ដែលតម្លៃទាប ចាប់ពីជាង២លានរៀលឡើងទៅ ដែលផ្តល់លទ្ធភាពឱ្យម្ចាស់រថយន្តអាចជ្រើសរើសទិញផ្អែកតាមកម្រិតធនធាន និងចំណង់ចំណូលចិត្តរបស់ខ្លួន ដោយម្ចាស់រថយន្តគ្រាន់តែធ្វើការស្វែងរក និងជ្រើសរើសលេខ ដែលមានបង្ហាញតម្លៃលេខនីមួយៗ នៅក្នុងគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន https://vehicle.mpwt.gov.kh

៤) ហេតុអ្វីផ្លាកលេខឡានចាំបាច់ដាក់ឈ្មោះបុគ្គលជាអក្សរបរទេស បើរថយន្ដបង្កគ្រោះថ្នាក់ រត់គេចពលរដ្ឋខ្លះអត់ចេះអាន តើរាយការណ៍ទៅសមត្ថកិច្ចយ៉ាងម៉េច? ចម្លើយ៖ ប្រទេសកម្ពុជាជាប្រទេសសមាជិកមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ការដាក់ឱ្យប្រើប្រាស់ផ្លាកលេខរថយន្តជាអក្សរ និងលេខជាអក្សរឡាតាំង គឺមានភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលទៅប្រទេសជិតខាង ម្យ៉ាងទៀតនៅតាមផ្លូវ នានាមានបំពាក់កាមេរ៉ាសុវត្ថិភាព ហើយនៅលើផ្លាកលេខយានយន្តក៏មានបំពាក់បច្ចេកវិទ្យាទំនើបដូចជា QR Code ដែលអាចឱ្យសមត្ថកិច្ចអាចតាមដាន និងត្រួតពិនិត្យបានគ្រប់ពេលនៅពេលមានការបង្ក គ្រោះថ្នាក់ចរាចរណ៍ ហើយអ្នកបង្កគ្រោះថ្នាក់រត់គេច។

៥) តើឡានចង្កូតស្ដាំ ប្រើលេខកម្ពុជាបានទេ? ចម្លើយ៖ រថយន្តចង្កូតស្តាំ គឺជារថយន្តដែលមានការ អនុញ្ញាតពិសេស និងមានទម្រង់ផ្លាកលេខដោយឡែក ដូច្នេះមិនអាចប្រើប្រាស់ផ្លាកលេខកម្ពុជាបានទេ។

៦) តើរថយន្ដធុនធំ (ស៊េរី 3A) អាចដាក់ផ្លាកកម្ពុជាបានដែរទេ? ចម្លើយ៖ រថយន្តគ្រប់ប្រភេទអាចបំពាក់ផ្លាកលេខកម្ពុជាបាន។

៧) ហើយហេតុអ្វីបានជាម៉ូតូមិនអាចពាក់ផ្លាកលេខកម្ពុជាបាន? ចម្លើយ៖ នៅពេលខាងមុខក្រុមការងារអន្តរក្រសួងនឹងពិនិត្យលទ្ធភាពរៀបចំបែបបទ និងនីតិវិធីឱ្យប្រើប្រាស់ផ្លាកលេខកម្ពុជាលើទោចក្រយានយន្តបាន។

៨) តើរថយន្ដផ្លាកលេខរាជធានីខេត្ត អាចប្ដូរទៅជាផ្លាកលេខកម្ពុជាបានដែរឬទេ? ចម្លើយ៖ ផ្លាកលេខ រាជធានី ខេត្ត អាចប្តូរទៅផ្លាកលេខកម្ពុជាបាន។

៩) តើដូចម្ដេចដែលហៅថាផ្លាកលេខទុតិយតា ហើយតើផ្លាកលេខទុតិយតានោះខុសច្បាប់ដែរទេ? ចម្លើយ៖ ផ្លាកលេខទុតិយតាជាផ្លាកលេខដែលបានបាត់ ស្នើសុំធ្វើឡើងវិញ និងប្រើប្រាស់បានដូចផ្លាកលេខ មិនមានទុតិយតា ហើយស្របតាមច្បាប់។

១០) ខ្ញុំមានចម្ងល់មួយទាក់ទងនឹងផ្លាកលេខកម្ពុជា យើងប្រើរថយន្ដមួយ នៅពេលដែលយើងចង់ប្ដូរ រថយន្ដ តើយើងអាចប្រើផ្លាកលេខកម្ពុជាហ្នឹងដដែលបានទេ? ចុះពេលដែលយើងប្ដូររថយន្ដថ្មី តើផ្លាកលេខឯកជនធម្មតាត្រូវតម្កល់នៅទីណា? ចម្លើយ៖ នីតិវិធីនៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជានីតិវិធីនៃការចុះបញ្ជីលេខធម្មតាផងដែរគឺរថយន្តមួយអាចចុះបញ្ជីជាមួយនឹងលេខចុះបញ្ជីបានតែមួយគត់ និងអាចប្រើប្រាស់បានរហូត។ ទាំងលេខចុះបញ្ជីពិសេស និងពិសេសផ្ទាល់ខ្លួន ម្ចាស់កម្មសិទ្ធិនៅពេលលក់រថយន្តទៅអ្នកផ្សេង អាចស្នើសុំរក្សាទុកលេខចុះបញ្ជីរបស់ខ្លួនសម្រាប់ទុកចុះបញ្ជីលើរថយន្តថ្មីមួយទៀត ដែលមិនទាន់ចុះបញ្ជីរបស់ខ្លួនបាន ឬអាចលក់ទាំងរថយន្ត និងផ្លាកលេខទៅជាមួយគ្នាក៏បាន។ សូមបងប្អូនកុំយល់ច្រឡំថាពេលលក់រថយន្ត បងប្អូនដោះផ្លាកលេខដែលខ្លួនទុកសម្រាប់បំពាក់លើ រថយន្តរបស់ខ្លួនមួយទៀតដោយខ្លួនឯង ពោលគឺត្រូវអនុវត្តទៅតាមនីតិវិធីនៃច្បាប់កំណត់ ការទុកលេខ ចុះបញ្ជីសម្រាប់បំពាក់លើរថយន្តមួយផ្សេងទៀត នីតិវិធីគឺទុកតែលេខចុះបញ្ជីទេ មិនមែនផ្លាកលេខទេ នៅពេលអនុវត្តតាមនីតិវិធី គឺក្រសួងនឹងផលិតផ្លាកលេខថ្មីជាមួយនឹងលេខចុះបញ្ជីរបស់បងប្អូនដែលបានស្នើសុំទុកនោះជូនវិញ។

១១) ឡានខ្ញុំលេខស-ខ្មៅចង់ដូរលេខចេញបានឬអត់? ចម្លើយ៖ យោងអនុក្រឹត្យលេខ៧៣ ស្ដីពីការចុះ បញ្ជីពាក់ផ្លាកលេខសម្គាល់យាន្តជំនិះ ក្រសួងបានធ្វើការជូនដំណឹងជាច្រើនលើកច្រើនសារហើយ ដោយ ស្នើសុំឱ្យបងប្អូនដែលប្រើប្រាស់ផ្លាកលេខស-ខ្មៅមកធ្វើបច្ចុប្បន្នភាពទិន្នន័យ និងប្តូរបណ្ណសម្គាល់ និងផ្លាកលេខថ្មីផងដែរ។

១២) តើអាចរក្សាទុកផ្លាកលេខកម្ពុជាសម្រាប់ម្ចាស់ដើមដែរឬទេ នៅពេលលក់ឡានផ្លាកលេខកម្ពុជា? តើត្រូវចំណាយប្រាក់ប៉ុន្មានដើម្បីរក្សាទុក? ចម្លើយ៖ លេខចុះបញ្ជីកម្ពុជាអាចរក្សាទុកសម្រាប់ម្ចាស់ដើមបាន ដោយត្រូវបង់កម្រៃសេវារក្សាទុកលេខចុះបញ្ជីរថយន្តចំនួន៤លានរៀលរយៈពេល៩០ថ្ងៃ (យោងតាមប្រកាសអន្តរក្រសួង)។

១៣) តើផ្លាកលេខកម្ពុជាមានលក្ខណៈពិសេសយ៉ាងដូចម្ដេច បើប្រៀបធៀបទៅនឹងផ្លាកលេខធម្មតា ហើយមានមូលដ្ឋានគ្រឹះយ៉ាងដូចម្តេចនៅក្នុងការគិតលុយ ឧទាហរណ៍ លេខ៤អក្សរ ឬ៨អក្សរ? ចម្លើយ៖ លក្ខណៈពិសេសផ្លាកលេខកម្ពុជាគឺ៖ ការចុះបញ្ជីមិនកំណត់អត្តសញ្ញាណរាជធានី ខេត្ត អាចដាក់ឈ្មោះ របស់ខ្លួនឯងបាន បង្គុំជាលេខ ឬអក្សរ តាមចំណង់ចំណូលចិត្ត។ មូលដ្ឋានគិតតម្លៃ៖ លេខ១ខ្ទង់ដល់ ៨ខ្ទង់ ធ្វើការកំណត់តម្លៃតាមរូបមន្ត ដែលបច្ចុប្បន្នមានរហូតដល់១៩៣០រូបមន្ត ចំនួនតួកាន់តែច្រើន មានតម្លៃកាន់តែថោក។

១៤) តើយើងអាចថតចម្លងកាតគ្រីប្រើបានឬអត់ ពីព្រោះវាមានQR Code សម្រាប់មើលហើយ? ចម្លើយ៖ យោងច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវឱ្យមានឯកសារច្បាប់ដើមប្រើប្រាស់តាមខ្លួនដូចជា៖ បណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។

១៥) តើម៉ូតូដែលទិញតពីម្ចាស់ដើម អាចកាត់ឈ្មោះមកអ្នកទិញបានឬអត់? ចម្លើយ៖ អាចធ្វើការផ្ទេរកម្មសិទ្ធិបាន អនុវត្តតាមនីតិវិធីរកម្ចាស់ដើមមិនឃើញ៖ ពាក្យសុំផ្ទេរកម្មសិទ្ធិ មានបិទសំណៅកាល់លេខតួ និងលេខម៉ាស៊ីន បណ្ណសម្គាល់យានជំនិះ(ច្បាប់ដើម) និងផ្លាកលេខម្គាល់យានជំនិះ ច្បាប់ចម្លង អត្តសញ្ញាណអ្នកកាន់កាប់ (បញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច) លិខិតលក់ទិញ និងកិច្ចសន្យាធានា (ដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល)។

១៦) ខ្ញុំទិញឡានពីពូខ្ញុំដែលមានផ្លាកលេខភ្នំពេញ ព្រោះពូខ្ញុំគាត់ជាអ្នកភ្នំពេញ ហើយខ្ញុំចង់កាត់ឈ្មោះ ដាក់ជាកម្មសិទ្ធិរបស់ខ្ញុំវិញដោយរក្សាផ្លាកលេខភ្នំពេញដដែល តើអាចធ្វើបានដែរឬទេ? ចម្លើយ៖ ធ្វើបាន ឱ្យតែលោកជាអ្នករស់នៅ និងមានអាសយដ្ឋាននៅភ្នំពេញដូចគ្នា។

១៧) ហេតុអ្វីចាំបាច់ឱ្យមានអ្នករត់ការធ្វើផ្លាកលេខ? ធ្វើបែបនេះនាំឱ្យប្រជាពលរដ្ឋចំណាយប្រាក់កាន់តែច្រើន គួរផ្សព្វផ្សាយពីរបៀបរត់ឯកសារផ្លាកលេខឱ្យប្រជាពលរដ្ឋបានដឹងជាសាធារណៈ ចម្លើយ៖ ក្រសួងបានខិតខំផ្តល់សេវាឱ្យបានល្អដោយបានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម និងមណ្ឌលផ្តល់សេវាសាធារណៈ ជាច្រើនកន្លែង ដើម្បីបង្ខិតសេវាឱ្យកៀកដល់ដៃប្រជាពលរដ្ឋ ដូច្នេះសូមសាធារណជនទាំងអស់ ដែល មានបំណងប្រើប្រាស់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអញ្ជើញមកបញ្ជរ ដោយផ្ទាល់ ឬចូលទៅប្រើប្រាស់តាមប្រព័ន្ធស្វ័យប្រវត្តិOnline ដែលមានប្រាប់ពីរបៀបដាក់ពាក្យស្នើសុំសេវា ចៀសវាងការចំណាយសេវាក្រៅផ្លូវការ និងចូលរួមសហការលុបបំបាត់អ្នករត់ការខុសច្បាប់។

១៨) តើពេលត្រូវការទិញលក់រថយន្ដ និងពេលកាត់ឈ្មោះរថយន្ដមួយទឹកផ្លាកលេខកម្ពុជា និង រាជធានី-ខេត្ត មានភាពងាយស្រួលដូចគ្នាដែរឬទេ ឬខុសគ្នាដូចម្ដេចខ្លះ? ចម្លើយ៖ ការផ្ទេរកម្មសិទ្ធិរថយន្តផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី ខេត្ត មាននីតិវិធីដូចគ្នា។ ក្រសួងបានសហការជាមួយភាគីពាក់ព័ន្ធ រៀបចំបែបបទ និងនីតីវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះឱ្យកាន់តែមានភាពងាយស្រួល បានលឿន និងឆាប់រហ័សឱ្យតែមានភាគីអ្នកលក់ និងអ្នកទិញមកផ្តិតស្នាមមេដៃនៅចំពោះមុខមន្រ្តីមានសមត្ថកិច្ចផ្ទាល់។

១៩) តើរថយន្ដដែលបំពាក់ផ្លាកលេខខ្លី អាចយកទៅប្ដូរយកផ្លាកលេខវែងបានដែរអត់? ចម្លើយ៖ រថយន្ត ដែលបំពាក់ផ្លាកលេខខ្លីអាចយកទៅប្តូរយកផ្លាកលេខវែងបាន តែត្រូវបង់កម្រៃសេវាតាមការកំណត់។

២០) តើផ្លាកលេខកម្ពុជាអាចលក់បន្ដឱ្យអ្នកក្រោយបានទេ? ចម្លើយ៖ បើលក់តែផ្លាក គឺមិនបានទេ ត្រូវផ្ទេរកម្មសិទ្ធទាំងផ្លាកលេខកម្ពុជា និងរថយន្ត ដែលបំពាក់ផ្លាកលេខនោះ ដោយការព្រមព្រៀងទាំងសងខាង។

សូមជម្រាបជូនថា ចាប់តាំងពីដំណើរការលក់លេខចុះបញ្ជីរថយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី យានជំនិះនៅឆ្នាំ២០១៦ រហូតមកដល់ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងសង្កេតឃើញថា៖ចំណូលដែល បានមកពីការលក់លេខចុះបញ្ជីរថយន្តសរុបមានចំនួន ៣១៣ ១៥៧ ៨៦៤ ១០០រៀល គិតជាប្រាក់ដុល្លាអាមេរិកបានចំនួន ៧៨ ២៨៩ ៤៦៦ដុល្លារ ក្នុងនោះ៖ លេខចុះបញ្ជីពិសេសលក់បានចំនួន ២០៥ ០២៣ លេខ ទទួលបានចំណូលសរុប ២១៧ ៥១៦ ៥៥៩ ៤០០ រៀល (៥៤ ៣៧៩ ១៤០ដុល្លារ)។ ចំណែកលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនលក់បានចំនួន ១២ ៩២៦លេខ ទទួលបានចំណូលសរុប ៩៥ ៦៤១ ៣០៤ ៧០០ រៀល (២៣ ៩១០ ៣២៦ដុល្លារ)៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Share.