បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យប្រុស/ស្រី៩នាក់ លួចកាច់កម៉ូតូ និងឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២២។


លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ដោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះថា មានករណីបាត់ម៉ូតូនៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២២ ទើបលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយផ្ទាល់ចុះឆែកតាមកាមេរ៉ាសុវត្ថភាពនៅកន្លែងកើតហេតុនៅក្នុងភូមិនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។


លោក សៅ សារឿន បញ្ជាក់ថា តាមរយៈកាមេរ៉ាសុវត្ថភាព នៅថ្ងៃកើតហេតុនោះ សមត្ថកិច្ចកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាអ្នកធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ក្រោយពីសួរនាំរួចជនសង្ស័យបាននាំសមត្ថកិច្ចបង្ហាញទីតាំងដែលខ្លួនដោះស្លាកលេខម៉ូតូយកទៅចោលនៅក្បែរបន្ទប់របស់ខ្លួន នៅពេលនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលបក្សពួកចំនួន៦នាក់ទៀត (ស្រី២នាក់) ដែលពួកគេសារភាពថា ជាក្រុមតែមួយហើយជាចោរឆក់យ៉ាងសកម្មភាពផងដែរ នៅក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៩នាក់បានប្រាប់សមត្ថកិច្ចថា នៅបក្សពួកគេចំនួន៦នាក់ទៀតដែលកំពុងគេចខ្លួន។


លោកអធិការបញ្ជាក់បន្ថែមថា ជនសង្ស័យប្រុស.ស្រីទាំង៩នាក់ខាងលើនេះ ត្រូវបានកសាងសំណុំបញ្ជូនកាន់ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។ ចំណែកម៉ូតូម៉ាកហុងដាហ្សូម័រអ៊ិច ពណ៌សលាយទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GJ-1484 ត្រូវបានប្រគល់ជូនម្ចាស់វិញ។ រីឯបក្សពួកចំនួន៦នាក់ទៀត សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត៕

អត្ថបទ៖ ប៉ោយប៉ែត

Share.