ថ្មីៗនេះ អ្នកថតជំនាញរូបវ័យក្មេងដ៏មានសមត្ថភាពជនជាតិម៉ាឡេស៊ីម្នាក់ មានឈ្មោះថា Johnson Ngoi លោកត្រូវបានគេដឹងថា បាត់បង់ជីវិតដោយសារករណីចោរឆក់កាបូបរបស់លោក រហូតធ្វើឱ្យលោកធ្លាក់ពីលើរ៉ឺកម៉កកង់បី ហើយដួលបែកក្បាលរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ចំណុចខាងមុខវត្តសំពៅមាស តាមបណ្តោយផ្លូវ១៦១ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

បន្ទាប់ពីកើតហេតុគេបានដឹកយុវជនរូបនេះទៅសង្គ្រោះនៅ ណាត្រា ប៉ូលីគ្លីនីក ប៉ុន្តែដោយសារតែអាការៈធ្ងន់ធ្ងរសម្ភារៈសង្គ្រោះជីវិតមិនគ្រប់គ្រាន់ លោកត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រទៅដល់ទីនោះ បុគ្គលិកពេទ្យបាន និយាយ ថា លោកបានស្លាប់ហើយ ហើយក៏ដាក់លោកចូលឡាន សង្គ្រោះបន្ទាន់ដឹកទៅវត្ត ប៉ុន្តែ នៅពេលនោះ គេឃើញដៃរបស់ Johnson នៅក្ដាប់ជាប់នឹងរទេះរុញ ទីបំផុតគេបានដឹកលោកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សីទីបំផុតនៅម៉ោង១និង២៧ នាទីព្រឹកមន្ទីរពេទ្យបានប្រកាសថាលោកបានស្លាប់បាត់បង់ជីវិតហើយ។

មរណភាពរបស់យុវជនវ័យក្មេងនេះ កំពុងតែមានការចាប់អារម្មណ៍ច្រើនពីមជ្ឈដ្ឋានទូទៅ ក្រោយមានការបង្កើត Page មានឈ្មោះថា In memory of JohnsonNgoi ព្រមទាំងដាក់ Hashtag #MakeCambodiaBetter ដោយក្នុងនោះយើងឃើញ មានការលើកឡើងច្រើនពីអ្នកលេងបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងការបាត់បង់ធនធានមនុស្សដ៏ល្អដែលជាអ្នកថតរូបដ៏ជំនាញពេញ ដោយសមត្ថភាពនិងទេពកោសល្យរូបនេះ ។ សូមជម្រាបដែរថា នៅថ្ងៃទី ៣០ ខែកក្កដានេះ ក៏មានការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធចំពោះលោក Johnson Ngoi ផងដែរ៕

Share.