ភ្នំពេញ ៖ ម៉ូតូហុងដាBeatមួយគ្រឿង ពណ៌ក្រហម ស ពាក់ស្លាកលេខ ភ្នំពេញ 1JO-2454 ត្រូវបានក្រុមជនសង្ស័យមានគ្នា៤នាក់ ធ្វើសកម្មភាពប្លន់យកពីស្ត្រីម្នាក់ កំពុងធ្វើដំណើរតាមផ្លូវបេតុង ចំណុចកែងរបងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ ហើយនាំគ្នាជិះគេចខ្លួនបាត់ ក៏ប៉ុន្តែប៉ះចំម៉ូតូមានភ្ជាប់ប្រពន្ធGPS សមត្ថកិច្ច សហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ តាមចូលទៅចាប់ខ្លួនជនសង្ស័យបាន៤នាក់ ដល់បន្ទប់ជួលលេខ១០ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃដដែល ។

ជនរងគ្រោះមាន ឈ្មោះ ជួន ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ រស់នៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យក ម៉ាកហុងដាBeat ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1JO-2454 មានភ្ជាប់GPS ម្ចាស់ទើបទិញបង់រំលស់បានជាង១ខែ ត្រូវបានសមត្ថកិច្ចរកឃើញលាក់ទុកក្នុងបន្ទប់ជយលរបស់ជនសង្ស័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូចេញពីរោងចក្រសីមុិ នៅក្នុងតំបន់សេដ្ឋកិច្ច ធ្វើដំណើរទៅផ្ទះ ព្រោះធ្វើការវេនយប់ កាត់តាមផ្លូវបេតុង ពីត្បូងទៅជើង បត់ទៅកើត ដល់កែងរបងវត្តតាភេម ស្រាប់តែមានជនសង្ស័យគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម និង ម៉ាកនិច ដល់ទន្ទឹមធាក់ផ្តួលម៉ូតូជនរងគ្រោះ ដកកាំបិតបុ័ងតោ គម្រាម ហាមស្រែក ហើយក្រុមជនសង្ស័យជិះគេចខ្លួនបាត់ស្រមោល ។

ប្រភពបន្តទៀតថា ប្លន់ប៉ះចំថ្ងៃស៊យហើយ ម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ប្រព័ន្ធGPS ប្តឹងសមត្ថកិច្ចភ្លាមៗ កម្លាំងសហការជាមួយ កម្លាំងប៉ុស្តិ៍ចោមចៅទី៣ កម្លាំងអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចុះទៅឃាត់ខ្លួនជនសង្ស័យបានទាំង៤នាក់ កំពុងលាក់ខ្លួនក្នុងបន្ទប់ជួល រកឃើញម៉ូតូរបស់ជនរងគ្រោះ កំពុងលាក់គ្របភួយក្នុងបន្ទប់ និងកាំបិតបុ័ងតោ ដែលជនសង្ស័យយកទៅធ្វើសកម្មភាព រួមទាំងដកហូតបានម៉ូតូ របស់ជនសង្ស័យមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H-4368 រីឯម៉ូតូមួយគ្រឿងទៀតម៉ាកនិច ត្រូវបានបក្ខពួករបស់ជនសង្ស័យជិះយកទៅបាត់ មុនកម្លាំងចុះទៅដល់ ។

បន្ទាប់ពីចាប់ខ្លួនបានជនសង្ស័យ៤នាក់ ក្រោយប្រព្រឹត្តប្លន់យកម៉ូតូ សមត្ថកិច្ចនាំយកទៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌកំបូល រួមជាមួយវត្ថុតាង ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

Share.