ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-9364 ត្រូវបានជនសង្ស័យលួចបើកយកទៅបាត់ ខណៈដែលម្ចាស់ដេកលក់ ទម្រាំបើកទ្វារចេញមក រថយន្តទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង បុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់រថយន្តមានឈ្មោះ ង៉ែត តុលា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ។ រថយន្តដែលជនសង្ស័យលួចយកទៅបាត់ កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ឃ្លុប ប្រភេទដឹកទំនិញ ចំណុះ២,៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-9364 ។

តាមសម្តីម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុ ក្រោយពីវិលត្រឡប់មកពីដឹកអីវ៉ាន់វិញ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ រថយន្តចតទុកនៅតាមផ្លូវបេតុង ក្បែរផ្ទះជួលដូចសព្វដង ហើយចូលដេកបាត់ លុះដល់វេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឮសូរសម្លេងរថយន្តបញ្ឆេះ សង្ស័យងើបបើកទ្វារចេញមកមើល ឃើញរថយន្តត្រូវបានជនសង្ស័យបើកចេញទៅហើយ ឆោឡោ ឆ្លេឆ្លា ទម្រាំរកមធ្យោបាយជិះដេញតាម រថយន្តទៅបាត់ស្រមោល ។

ក្រោយពីបាត់រថយន្ត នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះកាន់ឯកសារទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

អត្ថបទ÷ តាតុង សែនជ័យ

Share.