កំពត ៖ ក្មេងស្រី២នាក់រអិលជើងធ្លាក់ចូលក្នុងទឹករណ្តៅដីលង់លិចបាត់ ផ្អើលឆោឡោ នាំគ្នាចុះរាវអស់រយៈពេលជាង១ម៉ោងទើបរកឃើញ តែបានស្លាប់បាត់ទៅហើយ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅជើងភ្នំទូកមាស ភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

ក្មេងស្រីរងគ្រោះទាំងពីរនាក់ ទី១ ឈ្មោះ ម៉ៅ ស្រីទិត្យ អាយុ១៦ឆ្នាំ រស់នៅភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។ ទី២ ឈ្មោះ មុំ បូរមី អាយុ១៤ឆ្នាំ មានទីលំនៅភូមិលំទំពូង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះទាំង២នាក់ទៅដើរលេងចំណុចខាងលើ ហើយក្មេងម្នាក់ចុះលាងជើង ស្រាប់តែរអិលជើងធ្លាក់ចូលទឹក ឃើញដូច្នោះ ក្មេងរងគ្រោះម្នាក់ទៀតរត់ស្ទុះទៅចាប់ទាញដៃ តែទាញមិនរួចក៏ធ្លាក់ចុះទាំង២នាក់ លង់លិចបាត់ក្នុងទឹក បង្កឲ្យផ្អើលឆោឡោ ទាំងក្រុមគ្រួសារ ទាំងពលរដ្ឋ សមត្ថកិច្ចចុះរាវរក អស់រយៈពេលជាង១ម៉ោងទើបរកឃើញ តែស្លាប់បាត់ទៅហើយ ។

សពក្មេងស្រីទាំង២នាក់ តាមរយៈការធ្វើកោសលវិច័យ គឺបណ្តាលមកពីលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷តាតុង សែនជ័យ

Share.