ស្វាយរៀង ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីដឹកបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាមរី បើកបុកជនរងគ្រោះកំពុងបើករុឺម៉កម៉ូតូពីក្រោយ ស្របទិសគ្នា កាលពីវេលាម៉ោង៧និង២៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវលេខ៣១៤ ក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ គង់ ចំរុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាអ្នកបើកបររុឺម៉កម៉ូតូ ពណ៌ក្រហម គ្មានស្លាកលេខ ។ ចំណែកខាងរថយន្តម៉ាកកាមរី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2D-3308 បើកបរដោយឈ្មោះ ព្រំ ជាក់ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរុឺម៉កម៉ូតូ ធ្លាក់ជនរងគ្រោះបោកនឹងថ្នល់ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ តែបានស្លាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្ត និងរុឺម៉កម៉ូតូ រួមទាំងអ្នកបើកបររថយន្តផងទៅសាកសួរនៅអធិការដ្ឋាន និងកសាងសំណុំរឿងតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷តាតុង សែនជ័យ

Share.