ភ្នំពេញ ៖ រថយន្តហ្វ័តមួយគ្រឿងបើកជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កបត់ត្រឡប់ក្រោយកាត់ពីមុខ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ហើយបន្តទៅបុករថយន្តព្រុសច្រាសទិស និងបន្តទៅបុកម៉ូតូកង់បី ក្រឡាប់ រងរបួសស្រាល២នាក់ រថយន្តហ្វ័តដាច់កង់ម្ខាង ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ភាគីរថយន្តម៉ាកហ្វ័ត ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BR-7370 បើកពីត្បូងទៅជើង។លុះដល់ចំណុចកើតហេតុ ស្រាប់តែភាគីម៉ូតូសង់កូរ៉េ សណ្តោងរុឺម៉ក បត់ត្រឡប់ក្រោយកាត់ពីមុខ ហ្វ្រាំងមិនទាន់ជ្រុលបុកក្រឡាប់ផ្ងារជើង អ្នកបើកម៉ូតូរបួសស្រាល។ពេលនោះ រថយន្តហ្វ័តបន្តទៅបុករថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 2A-1232 ដែលបើកច្រាសទិស និងបន្តទៅបុកម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GS-3858 បើកច្រាសទិសមួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ រងរបួសស្រាល រថយន្តហ្វ័តដាច់កង់ម្ខាង ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងឲ្យភាគីទាំងបួនសម្របសម្រួលគ្នា។ ទីបំផុតភាគីរថយន្តហ្វ័ត យល់ព្រមចេញសងថ្លៃខូចខាតនិងជួសជុល ទៅខាងរថយន្តព្រុស ម៉ូតូកង់បី។ ចំណែកឯម៉ូតូសណ្តោងរុឺម៉ក សុំយកតែរួចខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.