នៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ សារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ Khaosod បានចេញផ្សាយថា មានករណីបាក់ធ្នឹមស្ពានអាកាសមួយកន្លែងនៅផ្លូវ រ៉ាម៉ា ទី២ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ និង បាត់បង់ជីវិត។

ក្រោយកើតហេតុប៉ូលីសក្នុងតំបន់បានអះអាងថា ធ្នឹមស្ពានប្រវែង ១០ម៉ែត្រ ដែលមានទម្ងន់ ៥តោន បានបាក់ធ្លាក់សង្កត់លើរថយន្ដ ភីកអាប់ ដែលនៅក្នុងនោះមានអ្នកបើកបររថយន្ដម្នាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និង ខ្ទេចរថយន្ដអ្នកដំណើរនៅក្បែរនឹងមួយគ្រឿងទៀត។

ប៉ូលីសក្នុងតំបន់អះអាងថា ហេតុការណ៍នេះបណ្ដាលឲ្យមានកម្មករ ២នាក់ទៀត ដែលកំពុងជួសជុលស្ពាន រងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្ដែក្រោយមកត្រូវបានបញ្ជាក់ថា ស្លាប់ម្នាក់។ អ្នកដែលបាត់បង់ជីវិត មានម្នាក់វ័យ ៣០ឆ្នាំ ភេទប្រុស ជាអ្នកបើករថយន្តភីកអាប់ និងម្នាក់ទៀតវ័យ ៦០ឆ្នាំ ភេទប្រុស។

ក្រោយកើតហេតុ លោក ណារ៉ុង រ៉ាក់រ៉ូ (Narong Rakroi) អធិការនគរបាលក្រុង Samut Sakhon បានបញ្ជូនស្នងការរងនគរបាលខេត្ត Samut Sakhon លោក Yonglit Supapol នាយកស្ដីទីនៃស្នងការដ្ឋាននគរបាល និង មន្រ្តីភ្នាក់ងារពាក់ព័ន្ធដើម្បីស៊ើបអង្កេតកន្លែងកើតហេតុ៕

ប្រភព៖ Khaosod

Share.