បាត់ដំបង÷ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិរក្សក្រុងបាត់ដំបង ប្រមាណ៨០% ចូលរួមរុះរើប៉ាណូពាណិជ្ជកម្ម និងសំយាបមុខផ្ទះនៅថ្ងៃផុតឱសានវាទ។

កម្លាំងបញ្ជាការកងឯកភាពខេត្តបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២នេះថា ក្រោយការជូនដំណឹងជាសាធារណ:ជាបន្តបន្ទាប់ និងច្រើនថ្ងៃ រហូតដល់ថ្ងៃកំណត់ថ្ងៃទី ០១ ខែសីហានេះ បងប្អូនប្រជាពលរដ្ឋ ដែលភាគច្រើនជាអ្នកលក់ដូរមានការភ្ញាក់រលឹកចូលរួមរុះរើសំយាបមុខផ្ទះរបស់ពួកគាត់រៀងៗខ្លួនដោយមានស្មាតីសហការខ្ពស់ មកទល់ម៉ោងជិត ១០:០០ព្រឹកនេះពករដ្ឋរុះរើបានប្រមាណជា ៨០%ហើយ។

ប្រភពដដែលបានបន្ថែមថា ក្រៅពីបងប្អួនប្រជាពលរដ្ឋដែលបានចូលរួមរុះរើខាងលើ ពួកគាត់ជាម្ចាស់លំនៅឋានមួយចំនួនទៀតបានស្នើសុំពន្យាពេលត្រឹមរយ:ពេលខ្លីដោយសារពួកគាត់រកជាងមិនទាន់បាន។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ជុំវិញការរៀបចំតំបន់អភិរក្សនេះថា ការរៀបចំតំបន់អភិរក្សនេះដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានឲ្យបានល្អប្រសើរទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកលេងកម្សាន្តក្នុងទឹកដីវប្បធម៌ ប្រវត្តិសាស្ត្រប្រកបដោយសក្តានុពលរបស់យើងទាំងអស់គ្នា ពិសេសសំដៅការប្រកួតប្រជែងជាសកលនៅលើឆាកអន្តរជាតិ។

ការកែសម្រួលតាមគំរូ និងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបងនេះអនុវត្តន៍ទៅលើលំនៅឋានបុរាណត្រង់ចំណុចផ្លូវខេត្តលេខ ១កន្លះ, ផ្លូវលេខ ២, ផ្លូវលេខ ២កន្លះ, ផ្លូវខេត្តលេខ ៣ និងកំណាត់ផ្លូវកាត់ទទឹងមួយចំនួនទៀត ក្នុងរង្វង់តំបន់អភិរក្សចាប់ពីចំណុចវត្តពិភិទ្ធារាម ដល់វត្តដំរី ស ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្នុងនោះកែសម្រួលឲ្យរុះរើសំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញ អនុញ្ញាតិត្រឹមតែ ១ភាគ ៣នៃខឿនផ្លូវមុខ ឬចំហៀងផ្ទះ និងមានកម្ពស់ស្មើៗគ្នាតាមការកំណត់របស់ក្រុមការងារ៕

អត្ថបទ÷ដំបងក្រញូង

Share.