កំពង់ស្ពឺ÷ ក្មេងប្រុសអាយុ៥ខែម្នាក់ ត្រូវឪពុកបង្តើតបែកថ្នាំវាយរងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ។

ករណីឪពុកបង្កើតប្រើអំពើហិង្សា វាយកូនដែលទើបនឹងមានអាយុ៥ខែនេះ កើតឡើងនៅ កាលពី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមប្រពភព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះធី ខេមរ៉ា ភេទប្រុស អាយុ៥ខែ ត្រូវបានឪពុកប្រើអំពើហិង្សាវាយ បណ្តាលឲ្យរងរបួសបាក់ដៃខាងឆ្វេង ជាំថ្ងាស ផុងលលាក្បាលផ្នែកគុម្ពត្រចៀកខាងស្តាំ ខណៈម្តាយទារករងគ្រោះរវល់ទៅធ្វើស្រែបាត់ៗពីផ្ទះ។

ជនសង្ស័យជាឪពុកដែលវាយកូនអាយុ៥ខែ ដល់ស្លាប់មានឈ្មោះ បឿន រ័ត្នធី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយក្មេងរងគ្រោះបាននិយាយថា ពេលដែលគាត់ត្រឡប់មកពីស្ទូងស្រូវវិញ មកដល់ផ្ទះ បុរសជាប្តីប្រាប់គាត់ថា ជនរងគ្រោះជាកូនមានជំងឺអត់ស្រួល ទើបយកកូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ពេទ្យប្រាប់ថា ជនរងគ្រោះមានជំងឺសួតធ្ងន់ ប្រាប់ឲ្យបញ្ជូនទៅពេទ្យគន្ធបុប្ផា ពេលបញ្ជូនដល់ពាក់កណ្តាលផ្លូវ កុមាររងគ្រោះបានស្លាប់ ហើយក៏យកកូនត្រឡប់មកផ្ទះវិញ។

ដោយមានការសង្ស័យម្តាយក្មេងប្រុសរងគ្រោះ ឈ្មោះ ពែក សៅតេ អាយុ២៤ឆ្នាំ បានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចុះធ្វើការកោសល្យវិច្ច័យ និងឃាត់ខ្លួនជនសង្ស័យជាឪពុក យកមកអធិការដ្ឋាននគរបាលស្រុកថ្ពង ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕

Share.