ប្រធានអង្គការសហប្រជាជាតិបានព្រមានពិភពលោកកាលពីថ្ងៃ ច័ន្ទ ថា បើសិនជាដើរផ្លូវខុសតែមួយជំហាន ពិភពលោកនឹងធ្លាក់ចូលសង្រ្គាមនុយក្លេអ៊ែរភ្លាម ហើយស្ថិតក្នុងគ្រោះថ្នាក់ដែលនឹងស្មានមិនដល់ និង មិនធ្លាប់បានឃើញពីមុន​​មកចាប់តាំងពីសង្រ្គាមត្រជាក់។

លោក Antonio Guterres បាននិយាយថា «រហូតមកដល់ពេលនេះ យើងមានសំណាងមិនធម្មតា។ លោកបន្ថែមថា ចំពេលមានភាពតានតឹងជាសកលកើនឡើងមនុស្សជាតិគ្រាន់តែជាការយល់ខុសបន្ដិច បើគណនាខុសតែបន្ដិចពិភពលោកនឹងជួបប្រទះនូវសង្រ្គាមនុយក្លេអ៊ែរដ៏បំផ្លិចបំផ្លាញ»។ ការថ្លែងរបស់លោកបានធ្វើឡើងនៅពេលបើកសន្និសីទមួយសម្រាប់ប្រទេសដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT)។

លោក Guterres បានព្រមានថា ភាពតានតឹងអន្តរជាតិកំពុងឈានដល់កម្រិតខ្ពស់ថ្មី ដោយលោកបានចង្អុលជាពិសេសទៅលើការលុកលុយនៅអ៊ុយក្រែន ភាពតានតឹងនៅឧបទ្វីបកូរ៉េ និង នៅមជ្ឈិមបូពា៍ជាឧទាហរណ៍។

កិច្ចព្រមព្រៀងឆ្នាំ ១៩៦៨ ត្រូវបានណែនាំបន្ទាប់ពីវិបត្តិមីស៊ីលគុយបា ដែលជាព្រឹត្តិការណ៍មួយ ជារឿយៗត្រូវបានពិពណ៌នាថា ពិភពលោកស្ថិតនៅជិតសង្រ្គាមនុយក្លេអ៊ែរបំផុត។ សន្ធិសញ្ញានេះត្រូវបានបង្កើតឡើងដើម្បីបញ្ឈប់ការរីករាលដាលអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសជាច្រើនទៀត និង ដើម្បីបន្ដគោលដៅចុងក្រោយនៃការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង។

ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើផែនដី បានចុះហត្ថលេខាលើ NPT រួមទាំងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ ផងដែរ។ ប៉ុន្តែ​ក្នុង​ចំណោម​រដ្ឋ​មួយ​ចំនួន​តូច ​ដែល​មិន​​ចុះ​ហត្ថលេខា​នោះ មាន​ប្រទេស​ចំនួន ៤ ដែល​គេ​ស្គាល់ ឬ​សង្ស័យ​ថា​មាន​អាវុធ​នុយក្លេអ៊ែរ​ដូចជា ឥណ្ឌា អ៉ីស្រាអែល កូរ៉េ​ខាង​ជើង និង​ប៉ាគីស្ថាន។

សូមជម្រាបថា រុស្ស៊ីត្រូវបានគេចោទប្រកាន់យ៉ាងទូលំទូលាយពីការបង្កើនភាពតានតឹងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការឈ្លានពានអ៊ុយក្រែនក្នុងខែ កុម្ភៈ ដោយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានដាក់កម្លាំងនុយក្លេអ៊ែរយ៉ាងច្រើនឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

លោក ពូទីន ក៏បានគំរាមថា នរណាម្នាក់ដែលឈរនៅលើផ្លូវប្រឆាំងនឹងរុស្ស៊ី នឹងជួបផលវិបាក ដែលអ្នកមិនធ្លាប់ឃើញក្នុងប្រវត្តិសាស្រ្តរបស់អ្នក។ យុទ្ធសាស្រ្តនុយក្លេអ៊ែររបស់រុស្ស៊ី រួមមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រសិនបើអត្ថិភាពរបស់រដ្ឋស្ថិតក្រោមការគំរាមកំហែង។

សព្វថ្ងៃនេះ អាវុធនុយក្លេអ៊ែរប្រហែល ១៣ ០០០គ្រាប់ ត្រូវបានគេគិតថា នឹងនៅតែមាន ក្នុងឃ្លាំងអាវុធនៃរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរចំនួន៩ ទាបជាងការប៉ាន់ស្មានចំនួន ៦០ ០០០គ្រាប់ ក្នុងកំឡុងពេលឈានដល់កម្រិតកំពូលនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០៕

ប្រភព៖ BBC

Share.