ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសមន្រ្តីក្របខ័ណ្ឌមន្រ្តីពន្ធនាគារចំនួន៤០៥នាក់ ក្នុងនោះស្រី៤១នាក់ នៅឆ្នាំ២០២២នេះ។ សិស្សនិងនិស្សិតដែលចាប់អារម្មណ៍ក្របខ័ណ្ឌនេះ អាចស្នើសុំនិងដាក់ពាក្យប្រឡងនៅនាយករដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងនៅតាមរដ្ឋបាលរាជធានីខេត្តចំនួន៩។

ក្នុងសេចក្ដីជូនដំណឹងចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថាមន្រ្តីក្របខ័ណ្ឌពន្ធនាគារដែលត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសនោះ ត្រូវបែងចែកទៅតាមមណ្ឌលអប់រំកែប្រែ ពន្ធនាគារ និងមណ្ឌលស្ដារនីតិសម្បទា សរុបចំនួន១២។

ទីតាំងទាំងនោះ មានដូចជា មណ្ឌលអប់រំកែប្រែទី១ និងទី៣ ពន្ធនាគាររាជធានីភ្នំពេញ ពន្ធនាគារខេត្តកណ្ដាល ពន្ធនាគារខេត្តតាកែវ ពន្ធនាគារខេត្តកំពង់ស្ពឺ ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តត្បូងឃ្មុំ ពន្ធនាគារខេត្តកំពង់ឆ្នាំង ពន្ធនាគារខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តកំពតជាដើម។

សម្រាប់កាលបរិច្ឆេនៃការទទទួលពាក្យប្រឡង ត្រូវបានក្រសួងមហាផ្ទៃបញ្ជាក់ថានឹងទទួលរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៥ និង០០នាទីល្ងាច ខណៈកាលបរិច្ឆេទប្រឡងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០២២៕

Share.