Wednesday, August 17 Login

ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានផ្ញើសារជូនចំពោះប្រជាជនកម្ពុជា នៅប៉ុន្មានម៉ោងប៉ុណ្ណោះមុនអញ្ជើញធ្វើដំណើរតាមយន្តហោះមកចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាននៅរាជធានីភ្នំពេញ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ប្រមុខការទូតជប៉ុនរូបនេះ បានអះអាងថានឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមជារដ្ឋមន្រ្តីការបរទេសជប៉ុននាថ្ងៃស្អែកនេះ។

ក្នុងសារនោះ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីអាបេ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្តាលដងនៅក្នុងទូទាំងប្រទេសកម្ពុជា និងបានផ្ញើលិខិត និងសាររំលែកទុក្ខជាច្រើន។ ឯកឧត្តមបានចាត់ទុកកាយវិការដ៏កក់ក្ដៅទាំងនេះថាជាការលើកទឹកចិត្តដល់ឯកឧត្តម ធ្វើឲ្យឯកឧត្តមរំភើបដោយដឹងថាមានមិត្តជាច្រើននាក់នៅប្រទេសកម្ពុជា។

ក្នុងទស្សនកិច្ចលើកនេះ ឯកឧត្តមអះអាងថាមានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន ខណៈខែខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ប្រទេសជប៉ុន នឹងបន្តខិតខំធ្វើការដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួមឲ្យចេញជាសហប្រតិបត្តិការជាក់ស្តែងជាមួយប្រជាជនកម្ពុជា។

ឯកឧត្តមបន្ថែមថា «ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹងជួបពិភាក្សាជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាសមភាគីរបស់ខ្ញុំ ជាពិសេសអំពី វិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែស្នូលរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ»។

ប្រមុខការទូតជប៉ុនរូបនេះបន្តថា«ខ្ញុំក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែលពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានផងដែរ។ ខ្ញុំសូមសម្តែងនូវការគោរពចំពោះឯកឧត្តម ប្រាក់ សុខុន រួមទាំងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលកិច្ចប្រជុំទាំងនេះក្នុងនាមជាប្រធានអាស៊ាន។ សហគមន៍អន្តរជាតិកំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជាបញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងជាដើម។ កិច្ចប្រជុំនានាដែលធ្វើឡើងក្នុងស្ថានភាពបែបនេះមានសារសំខាន់ជាវេទិកាមួយដើម្បីបញ្ជាក់ និងផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ដែលសហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់»។

«តើជ្រាបទេថា ខ្ញុំបានចង់សាកល្បងអ្វី ក្នុងដំណើរទស្សនកិច្ចនេះ?» ឯកឧត្តមរដ្ឋមន្រ្តីការបរទេសជប៉ុន បានលើកជាសំណួរដ៏គួរឱ្យចាប់អារម្មណ៍បែបនេះ​ ដោយភ្ជាប់នឹងចម្លើយថា«ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក»។

នៅចុងបញ្ចប់នៃសារផ្ញើជូនប្រជាជនកម្ពុជានោះ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានបួងសួងសូមឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ប្រព្រឹត្តិទៅដោយជោគជ័យ និងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែរីកចម្រើន៕

Share.

Leave A Reply