ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដូចជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹង រេចង្កូតមកបុកម៉ូតូ យ៉ាងពេញទំហឹង បណ្ដាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:២០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ៣០ ម៉ែតថ្មី សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបញ្ជាក់ថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-4705 បើកបរដោយជនជាតិចិន ទិសដៅពីកើតទៅលិច។ ស្រាប់តែមកដល់ចំណុចកន្លែងកើតហេតុ បានបើកវ៉ាជែងរថយន្តកុងតឺន័រមួយគ្រឿង ចូលខាងគន្លង នៃម៉ូតូ zoomer មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ1GU -0106 ដែលរួមដំណើរដោយបុរសពីរនាក់ដែល បើកបរទិសដៅពីលិចទៅកើត។ពេលនោះ ស្រាប់តែរថយន្ដបានមកបុកចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរ រងរបួសធ្ងន់បាក់ដៃទាំងសងខាង។ ចំណែកឯងអ្នករួមដំណើរពីក្រោយ រងរបួសស្រាល រថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែកឯម្ចាស់រថយន្ត ក៏បានឡើងទៅសម្របសម្រួលជាមួយជនរងគ្រោះផ្ទាល់នៅឯមន្ទីរពេទ្យ ។ក្រោយមកខាងម្ចាស់រថយន្តព្រមទទួលដោះស្រាយ សងសំណងទៅខាងម៉ូតូ ទាំងជួយចេញថ្លៃព្យាបាលរបួសឱ្យនិងជួសជុលម៉ូតូ ដោះស្រាយដោយសន្តិវិធីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុ៕

រូបភាព និង អត្ថបទ៖ទូច វិច្ឆិកា

Share.