បាត់ដំបង ៖ ពលករខ្មែរជាង ១០នាក់ត្រូវបានទាហានថៃ ប្រគល់មកឲ្យសមត្ថកិច្ចប្រចាំតំបន់ព្រំដែន ខេត្តបាត់ដំបង ក្រោយធ្វើចំណាកស្រុកខុសច្បាប់ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃ។

តាមនគរបាលតំបន់ព្រំដែនការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃបានបង្ហើបឲ្យដឹងថា នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២កន្លងមកនេះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ រួមជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន បានសហការទទួលពលករខ្មែរពីភាគីទាហានថៃសរុបចំនួន ១៦នាក់។

ក្នុងចំណោមពលរដ្ឋខ្មេរទាំង១៦នាក់នោះ មានបុរសចំនួន ០៧នាក់ ស្ត្រី ០៧នាក់ និងក្មេងចំនួន ២នាក់ ដែលក្រុមទាហានថៃ ឃាត់ខ្លួនបានពីតំបន់ផ្សេងៗគ្នា រួចបានប្រគល់ជូនដល់នគរបាលការពារតំបន់ដែន នៅត្រង់ចំណុចភូមិសាស្ត្រឃុំសន្តិភាព និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយពីទទួលបានហើយ កម្លាំងជំនាញបានអប់រំណែនាំ រួចប្រគល់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីត្រួតពិនិត្យសុខភាព និងតេស្តជំងឺកូវីដ-១៩ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ហើយគ្រូពេទ្យបានអនុញ្ញាតឲ្យបងប្អូនទាំងអស់វិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ៕

អត្ថបទ៖ ដំបងក្រញូង

Share.