ភ្នំពេញ៖នៅព្រឹកថ្ងៃទី២ខែសីហាឆ្នាំ២០២២ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមលើជនជាប់ចោទ១.ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ អតីតប្រធានគណៈបក្សខ្មែរក្រោក និងជាមេក្លោងចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញ (ឧកញ៉ា អ៊ាន សៀវម៉ី) ដាក់ពន្ធនាគារ៩ឆ្នាំ។

ចំណែកឯបក្សពួករបស់គេផ្សេងទៀតរួមមាន៖ ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ ឆ្នាំ ( អ្នកពាក់ឯកសណ្ឋាននគរបាលនិងដីកា ធ្វើសកម្មភាព) ដាក់ពន្ធនាគារ៨ឆ្នាំ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៣ ឆ្នាំ ដាក់ពន្ធនាគារ៨ឆ្នាំ- ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ ឆ្នាំ ដាក់ពន្ធនាគារ៨ឆ្នាំ -ឈ្មោះ ជួន សុភ័ត្រា ដាក់ពន្ធនាគារ៨ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន -ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ៦ឆ្នាំ -ឈ្មោះ សុវណ្ណ ស្រីសុរិយោពណ៌ ភេទស្រី អាយុ២៨ឆ្នាំ ដាក់ពន្ធនាគារ៦ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាម គ័ង) -ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាមី ភេទស្រី អាយុ២៧ ឆ្នាំ ដាក់ពន្ធនាគារ៦ឆ្នាំ  សាលក្រមក៏បានសម្រេចឲ្យជនជាប់ចោទរួមគ្នាសងទៅដើមបណ្ដឹង៥០ម៉ឺនដុល្លារ និងជំងឺចិត្ត២០០ លានរៀល។

ជាប់ចោទទាំង៨នាក់ជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស  កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត  ក្លែងឯកសារសាធារណៈ និងបទ សមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស តាមមាត្រា២៩ មាត្រា ៣៥៣ មាត្រា  ៣៥៧ មាត្រា៤៩០  និងមាត្រា៦២៩  នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេដោយក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឧកញ៉ា អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន៕

អត្ថបទ៖ចតុមុខ

Share.