ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសនាថ្ងៃ ច័ន្ទ ទី ០១ ខែ សីហា (ម៉ោងស្រុក) ថា សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំក្រុមអាល់កៃដា លោក អៃម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរ៉ី (Ayman al-Zawahiri) ដែលជាភេរវករតែម្នាក់ដែលពិភពលោកតាមចាប់ និង សង្ស័យជាមេក្លោងនៃការវាយប្រហារលើអគារ វើល៍ ត្រេត សេនធឺ (World Trade Center) កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២នេះ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Biden បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ មេដឹកនាំក្រុមអាល់កៃដា ត្រូវបានសម្លាប់ដោយការបាញ់ចេញពីយន្ដហោះគ្មានមនុស្សបើក របស់ភ្នាក់ងារ CIA។

មេដឹកនាំក្រុមអាល់កៃដា ហ្សាវ៉ាហ៊ីរ៉ី (Zawahiri) គឺជាមេដឹកនាំម្នាក់របស់លោក អូសាម៉ា ប៊ីនឡាដិន លោកគឺជាមេដឹកនាំទី២ និង ជាអនុប្រធានរបស់លោក ប៊ីនឡាដិន ដែលនៅជាមួយគ្នាពេលធ្វើការវាយប្រហារនៅថ្ងៃទី ១១ ខែ កញ្ញា។

​លោកជាមេដឹកនាំម្នាក់ដែលចូលរួមក្នុងផែនការវាយប្រហារ និង ទទួលខុសត្រូវលើការវាយប្រហារដែលសម្លាប់មនុស្សអស់ជិត ៣០០០នាក់ នៅលើទឹកដីអាមេរិក។

អស់ជាច្រើនទស្សវត្ត៍មកហើយ លោកជាមេក្លោងនៅពីក្រោយការវាយប្រហារលើជនជាតិអាមេរិកកាំង រួមទាំងការវាយប្រហារលើនាវាកងទ័ព យូអេសអេស ខូល (USS Cole) នៅឆ្នាំ២០០០ ក្នុងប្រទេសយេម៉ែន ដែលកាលនោះបានសម្លាប់នាវិកជនជាតិអាមេរិកកាំង ១៧នាក់ និង រងរបួសជាច្រើននាក់ទៀត។

លោក ហ្សាវ៉ាហ៊ីរ៉ី (Zawahiri) គឺជាអ្នកដើរដាក់គ្រាប់បែកលើស្ថានទូតអាមេរិកនៅប្រទេសកេនយ៉ា និង តង់ហ្សានី ដែលបានសម្លាប់មនុស្សអស់ ២២៤នាក់ និង មនុស្សជាង ៥០០០នាក់ទៀត រងរបួស។

លោក ហ្សាវ៉ាហ៊ីរ៉ី (Zawahiri) បានគ្រប់គ្រងក្រុមអាល់កៃដា បន្ទាប់ពីលោក អូសាម៉ា ប៊ីនឡាដិន ត្រូវបានសម្លាប់ដោយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ាគីស្ថាននាឆ្នាំ ២០១១ ហើយមានប្រាក់រង្វាន់ចំនួន ២៥លានដុល្លារអាមេរិក។

ទាក់ទិននឹងការបាញ់ប្រហារនេះ មន្រ្តីបាននិយាយថា លោក ហ្សាវ៉ាហ៊ីរ៉ី (Zawahiri) ស្ថិតនៅលើយ៉រនៃផ្ទះសុវត្ថិភាពមួយកន្លែងនៅពេលយន្ដហោះគ្មានមនុស្សបើក បានបាញ់មីស៊ីលចំនួន ២គ្រាប់ ដាក់រូបលោក។ ដោយឡែកសមាជិកគ្រួសារផ្សេងទៀតរបស់លោក ហ្សាវ៉ាហ៊ីរ៉ី (Zawahiri) ក៏មានវត្តមាននៅទីនោះដែរ ប៉ុន្ដែពួកគេមិនមានរបួសទេ ហើយមានតែលោក ហ្សាវ៉ាហ៊ីរ៉ី (Zawahiri) ម្នាក់ប៉ុណ្ណោះដែលត្រូវបានសម្លាប់។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមតាលីបង់បានអះអាងថា ប្រតិបត្តិការរបស់អាមេរិកជាការបំពានយ៉ាងច្បាស់ លើគោលការណ៍អន្តរជាតិ។

អ្នកនាំពាក្យបន្ថែមថា “សកម្មភាពបែបនេះ គឺជាបទពិសោធន៍បរាជ័យដដែលៗ ក្នុងរយៈពេល ២០ឆ្នាំកន្លងមក ហើយប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក អាហ្វហ្គានីស្ថាន និងតំបន់”។

មានពាក្យចចាមអារ៉ាមផ្សេងៗគ្នាថា កន្លែងលាក់ខ្លួនរបស់លោក ហ្សាវ៉ាហ៊ីរ៉ី (Zawahiri) គឺស្ថិតនៅក្នុងតំបន់កុលសម្ព័ន្ធរបស់ប្រទេសប៉ាគីស្ថាន ឬ ក្នុងប្រទេសអាហ្វហ្គានីស្ថាន តែក្រោយមកគេមិនបានដឹងពីកន្លែងលាក់ខ្លួនរបស់លោក ហ្សាវ៉ាហ៊ីរ៉ី (Zawahiri) ទៀតទេ រហូតដល់ពេលដែលលោកត្រូវបានបាញ់សម្លាប់នេះតែម្ដង៕

ប្រភព៖ CNA

Share.