កំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៤នាក់ ជាស្ត្រីម៉ាស្សា និងបក្ខពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចបន្លំដូរលុយភ្ញៀវ ចំនួន១៧០០ដុល្លា ហើយដូរដាក់ឲ្យវិញលុយក្រដាសសែនខ្មោច កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅហាងម៉ាស្សាកោសជប់ យុីហោឈ្មោះ 777 ស្ថិតនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យទាំង៤នាក់ ៖ ទី១ ឈ្មោះ ឆេន ធិន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះម៉ាស្សា (អ្នកលួចលុយដុល្លារពិតហើយប្ដូរដាក់លុយដុល្លារសែន) ។ ទី២ ឈ្មោះ ឆេន សារីន ភេទស្រី អាយុ២៩ឆ្នាំ ជាស្ត្រីម៉ាស្សា ។ ទី៣ ឈ្មោះ ស៊ឹម នៀង ភេទស្រី អាយុ២៤ឆ្នាំ ជាស្ត្រីម៉ាស្សា ។ ទី៤ ឈ្មោះ ទឹម ស្រីរ៉ីម ភេទស្រី អាយុ២៤ឆ្នាំ ជាស្ត្រីម៉ាស្សា ។ ជនសង្ស័យទាំង០៤នាក់ មានទីលំនៅភូមិពានី ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់ចូលទៅម៉ាស្សា នៅហាងខាងលើ ស្រាប់តែរួចរាល់ហើយ បាត់លុយអស់ លុយដុល្លារពិត២០០$ លុយខ្មែរ ៦.១០០.០០០រៀល សរុបស្មើ១៧០០ដុល្លារ តែបែជាឃើញលុយដុល្លាសែនខ្មោច ក្រដាស ១០០$ (ចំនួន១៧សន្លឹក) ទៅវិញ ។

ក្រោយពីបាត់លុយអស់ពីក្នុងកាបូប ជនរងគ្រោះរត់ទៅប្តឹងសមត្ថកិច្ច ចុះទៅឃាត់ខ្លួនបានជនសង្ស័យ៤នាក់ នាំយកទៅសាកសួរនៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯលុយដកហូតបានមកវិញ សមត្ថកិច្ចប្រគល់ជូនជនរងគ្រោះ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.