ភ្នំពេញ ៖ រថយន្តដឹកអ្នកដំណើរប្រភេទទេសចរណ៍មួយគ្រឿង ដឹកជនជាតិបរទេសប្រុសស្រី មានជនជាតិចិន វៀតណាម ធ្វើដំណើរចេញពីក្រុងព្រះសីហនុ ចូលមករាជធានីភ្នំពេញ សង្ស័យមានបុរសជនជាតិចិនម្នាក់ មានទាំងអាវុធខ្លីមួយដើម ប្រើអំពើហិង្សា វាយទៅលើស្ត្រីជនជាតិវៀតណាម ដែលរួមដំណើរក្នុងរថយន្តជាមួយគ្នា ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូល ស្ទាក់ឃាត់ត្រួតពិនិត្យ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២២ តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

រថយន្តមួយគ្រឿងខាងលើមានម៉ាកហុីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ៤២កៅអី ពណ៌ក្រហមលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-2368 ដឹកអ្នកដំណើរ ជាជនជាតិបរទេស ប្រុសស្រីចំនួន៣៥នាក់ មានចិន វៀតណាម អ្នកបើកបរជាជនជាតិខ្មែរ ម្នាក់ សរុប៣៦នាក់ ចុះតាមផ្លូវម្នាក់ នៅសល់៣៥នាក់ ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបានដឹកជនជាតិបរទេសចំនួន៣៥នាក់ ចេញពីក្រុងព្រះសីហនុ ចូលទីក្រុងភ្នំពេញ។លុះបើកមកដល់ចំណុចផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្តបានសំចត ឲ្យភ្ញៀវចូលទទួលទានអាហារសម្រន់ស្របពេលនោះមានបុរសជនជាតិចិនម្នាក់ មានទាំងអាវុធខ្លីមួយដើមផងនោះ មិនដឹងថាមានរឿងអ្វី បានប្រើហិង្សារវាយលើស្ត្រីជនជាតិវៀតណាមម្នាក់បណ្តាលឲ្យរងរបួសស្រាល បង្កឲ្យភ្ញាក់ផ្អើល ហើយត្រូវបានអ្នករួមដំណើរគ្រាស្ត្រីជនជាតិវៀតណាមឡើងលើរថយន្ត រួចក៏បន្តដំណើរទៅទៀត។ ចំណែកជនបង្កជាជនជាតិចិន មានអាវុធខ្លីមួយដើមនោះ មិនបានឡើងជិះរថយន្តទេ ។

ប្រភពបន្តទៀតថា ក្រោយពីក្រុមជនបរទេស មានបង្កហិង្សាតាមផ្លូវ បង្កឲ្យផ្អើល ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច ជុំវិញហេតុការណ៍នោះ ។ក្រោយពីទទួលបានសេចក្តីរាយការណ៍នោះ កម្លាំងសមត្ថកិច្ច បានស្ទាក់ចាំមើលរថយន្ត តាមស្លាកលេខខាងលើ ស្រាប់តែប្រទះឃើញបើកមកដល់ ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ ទើបកម្លាំងស្ទាក់ឃាត់បាន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចបានឃាត់រថយន្ត នាំទៅកន្លែងសំចតដែលមានសុវត្ថិភាពរួចសុំគោលការណ៍ត្រួតពិនិត្យ ឆែកលើរថយន្ត រកមិនឃើញជនបង្ក រកមិនឃើញអាវុធខ្លី នោះទេ ពិនិត្យជាក់ស្តែង មានជនជាតិបរទេសចំនួន៣៤នាក់ ជនជាតិខ្មែរម្នាក់ជាអ្នកបើកបររថយន្ត សរុប៣៥នាក់ ។

ក្រោយពីរកមិនឃើញជនបង្ក មិនឃើញអាវុធ សមត្ថកិច្ចបានសម្រេចប្រគល់រថយន្ត និងជនបរទេសទាំងអស់ ទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.