នៅ​ក្នុង​ទិវា​កុមារ​អន្តរជាតិ​ ១មិថុនា ឆ្នាំ​២០២១​ នេះ​ ពិធីការិនី​រូប​ស្រស់​កញ្ញា​ ច័ន្ទ កាន់​បាន​បង្ហោះ​រូបភាព​​កាល​ពី​ ២ឆ្នាំ​មុន​ ជាមួយ​នឹង​ Caption ក្នុង​ន័យ​អបអរ​សាទរ​និង​នឹក​រលឹក​​ចំពោះ​ការ​ងារ​មនុស្ស​ធម៌​ដែល​ខ្លួន​ខក​ខាន​មិន​​បាន​ធ្វើ​ដោយសារ​តែ​ជំងឺ​កូវីដ-១៩។​

កញ្ញា ច័ន្ទ កាន់​ បាន​ប្រាប់​មក​កាន់​សារព័ត៌មាន​ត្រយង​ញូវស៍​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា​ រូប​ភាព​ដែល​កញ្ញាបាន​បង្ហោះ​នោះ​គឺ​តាំង​ពី​​ ២​ឆ្នាំ​មុន​មក​ម្ល៉េះ​ ​ហើយ​ដោយ​សារ​តែ​ការ​​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩​ ធ្វើ​ឱ្យ​កញ្ញា​ខកខាន​មិន​បាន​ចូលរួម​ក្នុង​កម្មវិធី​មនុស្ស​ធម៌​បែបនេះ​​ជាង​២​ឆ្នាំ​​មក​ហើយ​។

ពិធីការិនី​សម្បូរ​វោហារ​រូប​នេះ​បាន​​រំលឹក​ដល់​ពេលវេលា​និង​អនុស្សាវរីយ៍​ល្អ​ជាមួយ​នឹង​កុមារ​កំព្រា​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ឈូករ័ត្ន​យ៉ាង​ដូច្នេះ​ថា​​៖
«សម្រាប់​អារម្មណ៍​កញ្ញា​គឺ​មិន​ខុស​គ្នា​ពី​អ្នក​ចូលរួម​ទាំង​អស់​នោះ​ទេ​ គឺ​មាន​ការ​អាណិត​ចំពោះ​ប្អូន​​ៗ នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​នោះ​ជា​ខ្លាំង​ព្រោះ​កុមារ​ភាគ​ច្រើន​ជា​កុមារ​កំព្រា​ កុមារ​មក​ពី​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត កញ្ញា​បាន​រំលឹក​ផង​ដែរ​ថាកញ្ញា​នៅ​ចាំមិនភ្លេច​រូបភាពនៃ​ស្នាម​ញញឹម​ រំភើប​និងរីករាយ របស់ប្អូនៗ​កុមារ​កំព្រា​នៅ​ពេល​ទទួល​បាន​របស់​ដែល​គាត់​ចង់​បាន​ដូច​ជា​គូល័រ​ផាត់​ពណ៌ និង​ កាតាប​ជា​ដើម​។​»

រូបភាព​នៅ​អង្គការ​ឈូករ័ត្ន កាល​ពី​២ឆ្នាំ​មុន

កញ្ញា​ ច័ន្ទ​ កាន់​ក៏​បាន​បង្ហើប​ដែរ​ថា​បើសិន​មិន​មាន​បញ្ហា​ជំងឺ​កូវីដ​-១៩ ម្ល៉េះ​សម​ពេល​នេះ​កញ្ញាអាច​នឹង​ជួប​ជុំ​បន្ត​ធ្វើ​ការងារ​មនុស្ស​ធម៌​នៅតាម​អង្គការ​នានា​ទៀត​ជាក់ជា​មិន​ខាន​។​ កញ្ញា​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថាកញ្ញា​ពិត​ជា​ការ​នឹក​រលឹក​និង​អាណិត​ចំពោះ​កុមារ​​កំព្រា​តូចៗ​ទាំង​អស់​នោះ​ខ្លាំង​ណាស់​ព្រោះ​ពួក​គាត់​ជួប​នូវ​រឿង​អកុសល​ត្រូវ​រស់​នៅ​ក្នុង​អង្គការ​មិន​អាច​ទទួល​បាន​នូវ​​ក្ដី​ស្រលាញ់​​ពី​ឪពុក​ម្ដាយ​សាច់​ញាតិ​បង​ប្អូន​ពូ​មីង​បង្កើត។ល។​

រំលឹក​ដល់​​កុមារ​​​កំព្រានៅ​អង្គការ​ឈូក​រ័ត្ន​ កញ្ញា​ដ៏​ស្រស់​ប្រិមប្រិយ​រូប​នេះ​ មាន​ក្ដី​សង្ឃឹម​​ថា​បើ​សិន​​​មាន​សប្បុរស​ជន​ចូលរួម​ជួយ​ដល់​អង្គការ​មួយ​នេះ​​ ជួយ​ទ្រទ្រង់​ដល់​ការ​ចំណាយ​របស់​អង្គការ​​ គឺ​ប្រៀប​​ដូច​ជា​បើក​ឱកាស​ជួយ​​ឱ្យ​ប្អូន​ៗ​កុមារ​​នៅទីនោះ​ អ​ាច​មាន​លទ្ធភាព​បាន​រៀន​សូត្រ​ទាំង​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​ផង​ដែរ​។

រូបភាព​នៅ​អង្គការ​ឈូករ័ត្ន កាល​ពី​២ឆ្នាំ​មុន

ជា​ទី​បញ្ចប់​កញ្ញា​ក៏​បាន​ឆ្លៀត​ផ្ញើសារ​ចូលរួមក្នុង​ទិវា​កុមារ​អន្តរជាតិ​នេះ​ដែរ​ថា៖ «កញ្ញា​ចង់​ឱ្យ​កុមារ​ទូទាំង​ពិភពលោក​ទទួល​បាន​ឱកាស​រៀន​សូត្រ ទទួល​បាន​នូវ​ចំណេះដឹង និង​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ពី​គ្រប់​មជ្ឈដ្ឋាន​ ដើម្បីឱ្យ​កុមារ​ក្លាយ​​ជា​ទំពាំង​ស្នង​ឬស្សី​ ជា​ប្រជាជន​ល្អ ពលរដ្ឋល្អ​ មួយ​វិញ​ទៀត​កញ្ញា​សង្ឃឹម​ថាកុមារ​ទូទាំង​សកលលោក​ អាច​ទទួល​បាន​​ទីជំរក​មួយ​ដ៏​ត្រឹម​ត្រូវ​ មិន​បាច់​ត្រូវ​រសាត់​អណ្តែត​ ហើយ​មាន​វាសនា​តែលតោល ​រស់នៅ​ជាកុមារ​​អនាថាខ្វះ​អប់រំនិង​​ការ​ថែទាំ​»។​

គួរ​ដឹង​ដែរ​ថា​ នៅ​ក្នុង​កម្មវិធី​នោះ​ក្រៅ​ពី​មាន​កញ្ញា ច័ន្ទ កាន់​​ និង​លោក​ ចន ច័ន្ទតារា​ជា​ពិធីករ​ស្ម័គ្រ​ចិត្ត​​ហើយ​នោះ​ក៏​នៅ​មានមិត្ត​សិល្បករ ​និង ​សប្បុរស​ជនជា​ច្រើន​រូប​ទៀត​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ប្រាក់​និង​សម្ភារសិក្សា​ដល់​ប្អូន​ៗ​ជា​កុមារកំព្រា ព្រម​ទាំង​ជួបជុំ​ទទួល​ទាន​អាហារ​សាមគ្គី​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយផង​ដែរ​៕​

Telegram-Troryorng
Share.