អាជ្ញាធរនិងពលរដ្ឋភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ស្នើដល់មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រក្សាទុកដីអូរធម្មជាតិពីបុរាណ ស្ថិតនៅតំបន់ត្រកួន ទុកជាទ្រព្យសម្បត្តិសាធារណៈសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល។

សំណើរបស់អាជ្ញាធរនិងពលរដ្ឋនេះធ្វើឡើងបន្ទាប់ពីមានសកម្មភាពកកាយដីអូរ ព្រៃឬស្សីសងខាងមាត់អូរត្រកួនកាលពីពេលថ្មីៗ។មិនត្រឹមតែប៉ុណ្ណោះមានពលរដ្ឋ ០៣នាក់បានជាប់ បណ្តឹងរបស់ឈ្មោះ កាំង ប៊ុនសូវ មានទីលំនៅស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដោយសារតែបាចត្រីនៅក្នុងអូរនោះថែមទៀត។

បើតាមអាជ្ញាធរនិងពលរដ្ឋ តំបន់អូរត្រកួន គឺជាអូរធម្មជាតិ មានតាំងពីបុរាណមក មិនធ្លាប់មានអ្នកណាម្នាក់មកកាន់កាប់ធ្វើជាកម្មសិទ្ធិនោះទេ។អូរនេះ មានប្រភពមកពីភូមិសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក រហូតដល់តំបន់កែងគោល ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាតំបន់ពលរដ្ឋអាស្រ័យផលរកត្រីជាលក្ខណៈគ្រួសារគ្រប់គ្នា និងជាកន្លែងសម្រាប់គោ ក្របី ផឹកទឹកផងដែរ។

អាជ្ញាធរ និងប្រជាពលរដ្ឋស្នើរដល់អាជ្ញាធរស្រុកប្រាសាទបល្ល័ង្ក អាជ្ញាធរខេត្ត និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងរក្សាទុកអូរធម្មជាតិជាទ្រព្យសម្បត្តិសាធារណៈសម្រាប់ជាប្រយោជន៍រួមវិញ។

លោក មឿន ចាន់ថា នាយកសង្កាត់ជលផលប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បញ្ជាក់ ថា តាមការចុះសាកសួរពលរដ្ឋនៅមូលដ្ឋាន និងការពិនិត្យជាក់ស្តែងឃើញថា ចំណុចអូរត្រកួន នេះពិតជាអូរធម្មជាតិពិតមែន។

លោកបានព្រមានថា  រាល់សកម្មភាពកាន់កាប់ ជីកដីអូរ ជីកស្រះ កាប់ឆ្ការឈូសឆាយព្រៃរនាម ដោយគ្មានការអនុញ្ញាតនឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ជាធរមាន៕

Share.