ក្រោយបញ្ចប់ការប្រឡងចម្រៀង Cambodia Idol នៅរដូវកាលទី ៤ នៃវគ្គ Live Show សប្ដាហ៍ទី ៣ ជាលិទ្ធផលគឺ បេក្ខជន ឈិន រ័ត្ន បានរបូតចេញពីកម្មវិធី ដោយសារទទួលបានសំឡេងសារបោះឆ្នោតតិចជាងគេ។ ប៉ុន្តែរឿងដែលកើតឡើងនៅលើបណ្ដាញសង្គមហ្វេស គឺបានធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលមានការបង្ហោះ និងរិះគន់ចំពោះ បេក្ខជន ថុល សុភិទិ ដែលជាអ្នកទទួលសារសំឡេងបោះឆ្នោតជាងគេ ដោយមានការប្រតិកម្មថា លោកមានឥតិយាបទរើសអើងចំពោះបេក្ខជន ឈិន រ័ត្ន។

ការប្រតិកម្ម ឬ Comment បែប Bully ផ្សេងៗនៅលើបណ្ដាញសង្គម ត្រូវបានគេមើលឃើញថា ជះផលអវិជ្ជមានចំពោះបេក្ខជន ថុល សុភិទិ ខណៈដែលលោកកំពុងទទួលប្រជាប្រិយភាពខ្លាំងនៅអំឡុងពេលប្រឡងនេះ។ យ៉ាងណាមិញ ថ្មីៗនេះ គេបានឃើញសារសំឡេងរបស់បេក្ខជន ឈិន រ័ត្ន ដែលបានទម្លាយនៅហ្វេសប៊ុក អំពីការបកស្រាយបញ្ជាក់ប្រាប់មហាជនពីការពិត និងរឿងរ៉ាវខ្លះៗនៅក្រៅឆាកប្រកួត ដែលអ្នកគាំទ្រគ្រប់មិនធ្លាប់ដឹងពីទំនាក់ទំនងរវាងលោក និង ភិទិ។

លោក ឈិន រ័ត្ន ជាសារសំឡេងនៅក្នុងវីដេអូនោះថា លោក និងបេក្ខជន ថុល សុភិទិ នៅក្រៅឆាកប្រកួត គឺមានក្ដីស្រឡាញ់ឱ្យគ្នាទៅវិញទៅមក ។ នៅពេលដែលមានវីដេអូ Bully ផ្ទុះនៅលើបណ្ដាញសង្គមបែបនេះ លោក និងបេក្ខជន ថុល សុភិទិ គឺមិនហ៊ានចេញការបកស្រាយអ្វីទាំងអស់។ លោកចាត់ទុកថា នោះជាការឆ្លៀតឱកាសរបស់អ្នកបង្កើតហ្វេសប៊ុកផេក ពោលគឺគ្មាននឹងអ្វីកើតឡើងដូចការគិតរបស់មហាជននោះទេ។ លោកបន្តថា លោកមិនសប្បាយចិត្តនោះទេ នៅពេលដែលបញ្ហានៅលើបណ្ដាញសង្គមនេះ បានបង្កឱ្យប៉ះពាល់ចំពោះប្រជាប្រិយភាពរបស់បេក្ខជន ថុល សុភិទិ ដោយលោកបានអះអាងថា ភិទិ ក៏ជាអាយដលរបស់លោកម្នាក់ដែរ។

លោក ឈិន រ័ត្ន នៅតែបញ្ជាក់ជាដដែលថា លោកនឹងបេក្ខជន ថុល សុភិទិ នៅតែមានទំនាក់ទំនងល្អនឹងគ្នា គោរពស្រឡាញ់គ្នាមិនប្រែប្រួល៕

Share.