ភ្នំពេញ៖យុវជនជាសិស្សសាលារៀនថ្នាក់ទី១២ម្នាក់ ជិតដល់ថ្ងៃប្រឡងទៅហើយ បែរជាខ្យល់គដេកស្លាប់នៅបន្ទប់ជាន់ឡៅតឿ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅផ្ទះក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យុវជនខាងលើឈ្មោះ សិត្ត្រា វឌ្ឍនៈ អាយុ២០ឆ្នាំ មុខរបរ សិស្សរៀនថ្នាក់ទី១២បេ២ នៅវិទ្យាល័យជម្ពូវ័ន រស់នៅជាមួយជីតា នៅផ្ទះកើតហេតុ មានបងប្អូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ តែប្អូន២នាក់ទៀតរស់នៅជាមួយឪពុកម្តាយ ក្នុងផ្ទះមួយទៀតក្បែរនោះ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា រាល់ថ្ងៃយុវជនរងគ្រោះត្រូវបានឪពុកម្តាយឲ្យរស់នៅជួយមើលថែ ជីដូន ជីតា ហើយមុនភ្ញាក់ផ្អើល នៅវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃនេះ មិនឃើញជនរងគ្រោះ ងើបដូចសព្វដង ដើម្បីទៅរៀនសូត្រ ជីតាក៏បានហៅតែមិនឮឆ្លើយ ឡើងទៅដាស់ទើបដឹងថា ចៅប្រុសស្លាប់បាត់ទៅហើយ បង្កឲ្យភ្ញាក់ផ្អើល តែមិនអស់ចិត្ត ហៅរថយន្តគ្លីនិកឯកជនដឹកបំណងយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ គ្រូពេទ្យបញ្ជាក់ប្រាប់ថា បានស្លាប់បាត់ទៅហើយ រួចក៏ដឹកវិលត្រឡប់មកផ្ទះវិញ រាយការណ៍ប្រាប់សមត្ថកិច្ច ទៅពិនិត្យកោសល្យវិច័យ ។

សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ធ្វើការពិនិត្យ កោសល្យវិច័យរួច សមត្ថកិច្ចបញ្ជាក់ថាបានស្លាប់ដោយសារខ្យល់គពិតប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.