ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដូចហ៊ានពេកហើយ ជិះម៉ូតូទៅធ្វើសកម្មភាពឆ្កឹះសោផ្ទះបងប្អូនប្រជាពលរដ្ឋ ចូលលួចរើលួចទ្រព្យសម្បត្តិ រៀបចេញហើយ ម្ចាស់ផ្ទះទៅទាន់ ទាញទ្វារបិទចាក់សោជាប់ពីក្រៅ រាយការណ៍ប្រាប់សមត្ថកិច្ច ចាប់ខ្លួននាំយកទៅប៉ុស្តិ៍ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេអរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ប៉ូ សិត្យាវឌ្ឍន៍ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ រស់នៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម ជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CN-5144 ជាមធ្យោបាយជិះទៅធ្វើសកម្មភាព ។ ចំណែកម្ចាស់ផ្ទះ មានឈ្មោះ សំ ស៊ុនរស្មី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានប្រពន្ធឈ្មោះ គង់ គឹមលី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ.មានកូនស្រី២នាក់ ម្នាក់អាយុ១៤ឆ្នាំ ម្នាក់ទៀតអាយុ១១ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។

បើតាមសម្តីស្ត្រីម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលផ្ទះបិទទ្វារចាក់សោ កូនទៅរៀន គាត់ទៅធ្វើការ ប្តីទៅរត់ម៉ូតូកង់បី លុះដល់វេលាម៉ោងខាងលើ កូនស្រីមកពីសាលា គាត់ចេញពីធ្វើការ ឃើញមានម៉ូតូមួយគ្រឿងចតឈប់មុខផ្ទះ ទ្វារចំហរ លុះចូលដល់ក្នុងផ្ទះ ឃើញអីវ៉ាន់រាយប៉ាយ មើលក្នុងបន្ទប់ឃើញជនសង្ស័យកំពុងរើកកាយប្រមូលទ្រព្យសម្បត្តិ ទើបទាញទ្វារបិទចាក់សោពីក្រៅ ស្រែកផ្អើលអ្នកជិតខាង រាយការណ៍ប្តឹងសមត្ថកិច្ច ចុះទៅចាប់ឃាត់ខ្លួន ។

ក្រោយចាប់ខ្លួនបានជនសង្ស័យ សមត្ថកិច្ចនាំយកទៅសាកសួរ និងកសាងសំណុំរឿងនៅប៉ុស្តិ៍នគរបាល យោងតាមបណ្តឹងរបស់ម្ចាស់ផ្ទះ ៕

អត្ថបទ៖​តាតុង សែនជ័យ

Share.