ភ្នំពេញ៖ស្ត្រីម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ចំណែក២ នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នាត្រូវរថយន្តដឹកទំនិញបើកមកក្រោយកិន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០ថ្ងៃទី៣ខែសីហាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧កែងនឹងផ្លូវបេតុងចូលទីលានចាក់សំរាមចាស់ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សពស្រ្តីរងគ្រោះមានឈ្មោះ ពុំ សារិន អាយុ៤៥ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុនខណ្ឌមានជ័យ មានស្រុកកំណើតស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ ចំណែកបុរស២នាក់ទៀតរបួសធ្ងន់បញ្ជូនទៅសង្រ្គោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុមុនកើតហេតុគេឃើញស្ត្រីពីរនាក់ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1L-6998ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុបានទាក់ដៃចង្កូតជាមួយម៉ូតូម៉ាកឃ្លីកពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HM-2915បណ្ដាលឲ្យ ដួលស្របពេលមានរថយន្តដឹកទំនិញម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខព្រះសីហនុ3A-3805បើកបរដោយបុរសម្នាក់មកពីក្រោយកិនស្ត្រីដែលអង្គុយក្រោយម្នាក់ស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។ចំណែកឯភាគីជិះម៉ូតូ ជិះដោយបុរស២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯស្រ្តីម្នាក់ ទៀតរបួសស្រាល។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយកមធ្យោបាយទាំងអស់ទៅរក្សាទុកនៅជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ចំណែក សព សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

អត្ថបទ៖សេង សាវី

Share.