ភ្នំពេញ៖រថយន្តHYUNDAI H-1បើកបំពានត្រូវបានរថយន្តMazda បុកពីចំហៀងខាងមុខស្ដាំពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរ គ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១ និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបសាលាបឋមសឹក្សាទួលគោកតាមបណ្ដោយផ្លូវ ២៨៩កែងផ្លូវ ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក HYUNDAI H-1មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2BL-6215 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចស៊ុបបែកជាបួន កន្លែងកើតហេតុខាងលើ រថយន្តក៏បានបំពានភ្លើងស្តុប ខណៈនោះក៏មានរថយន្តស៊េរីទំនើបម៉ាកMazdaមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AU-8155ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៦៦ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តHYUNDAI ពីចំហៀងខាងមុខខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតទាំងសងខាង។

ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា ដោយជជែកគ្នាយកត្រូវរៀងៗខ្លួន។ បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានឲ្យភាគីទាំងពីរសម្របសម្រួលគ្នាបន្តទៀត។ ក្រោយពីបានចរចាគ្នាអស់រយៈពេលជិតមួយម៉ោងខាងរថយន្តHYUNDAIដឹងថាខ្លួនខុស ក៏បានព្រមព្រៀងគ្នាយករថយន្តMazda ទៅជួសជុលឱ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕

អត្ថបទ និង រូបភាព ៖ ទូច វិច្ឆិកា

Share.