ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតនៅពីមុខ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់ ត្រូវបានបញ្ជូនទៅជួយសង្រ្គោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ៈ១៥នាទីរសៀល ថ្ងៃទី០២សីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវដួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុមានស្រ្តីអ្នកលក់ម្ជូរម្នាក់ បានជិះម៉ូតូម៉ាកគប់ជ្រុងគ្មានស្លាកលេខតាមផ្លូវដួងងៀប ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1D-3774 មកពីក្រោយក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយម៉ូតូរបស់ស្ត្រីខាងលើពេញទំហឹង បណ្ដាលដួលហើយបុរសជិះម៉ូតូឌ្រីមសង់របួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្រ្គោះ រីឯស្រ្តីអ្នកលក់ម្ជូរងរបួសស្រាល។ ចំណែកម៉ូតូទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានចុះវាស់វែងយកម៉ូតូទាំង២ គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

Share.