សារព័ត៌មាន Sputnik បានចេញផ្សាយនាថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២២ នេះថា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានសន្យាថា នឹងដាក់ទណ្ឌកម្មយ៉ាង «តឹងតែង» ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

លោក Wang Yi ថា «នេះគឺជាការមើលងាយយ៉ាងច្បាស់ ហើយថាដំណើរទស្សនកិច្ចនេះជារឿងឆោតល្ងង់។ សហរដ្ឋអាមេរិកកំពុងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន ក្រោមរូបភាពនៃអ្វីដែលហៅថា លទ្ធិប្រជាធិបតេយ្យ»។ លោក បាននិយាយនៅក្រៅកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃ អង្គារ៍ ថា «អ្នកដែលប្រមាថប្រទេសចិននឹងត្រូវទទួលទោស»។

លោក Wang ក៏បាននិយាយផងដែរថា ការបង្រួបបង្រួមពេញលេញនៃប្រទេសចិនជាមួយតៃវ៉ាន់ គឺជានិន្នាការទូទៅ និង ជាប្រវត្តិសាស្រ្តដែលមិនអាចចៀសបាន។ បន្ថែមពីលើនេះ អ្នកការទូតកំពូលរបស់ចិនបានព្រមានថា ទីក្រុងប៉េកាំងនឹងមិនទុកកន្លែងសម្រាប់សកម្មភាពចំពោះកងកម្លាំងឯករាជ្យដែលគាំទ្រតៃវ៉ាន់ ឬ ការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅឡើយ។

លោក Wang ក៏បានអះអាងដែរថា ការប៉ុនប៉ងប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ការអភិវឌ្ឍន៍របស់ចិន គឺត្រូវវិនាសទៅរកការបរាជ័យ ដោយបន្ថែមថា «សហរដ្ឋអាមេរិកមិនគួរមានការបំភាន់ណាមួយអំពីការធ្វើឲ្យខូចដល់ការអភិវឌ្ឍន៍ និង ការរស់ឡើងវិញរបស់ប្រទេសចិនឡើយ»។

យោងតាមលោក Wang អាមេរិក និង តៃវ៉ាន់ បានក្លាយជាជនបង្កជម្លោះ និង បំផ្លាញសន្ដិភាពនៅច្រកសមុទ្រតៃវ៉ាន់។

ការកត់សម្គាល់នេះ ធ្វើឡើងបន្ទាប់ពីលោកស្រី Pelosi បានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsia-Ing Wen ក្នុងទីក្រុង តៃប៉ិ ដោយសង្កត់ធ្ងន់ថា គោលដៅនៃការធ្វើដំណើរទៅកាន់កោះនេះ គឺដើម្បីបញ្ជាក់ឲ្យច្បាស់ថា អាមេរិកនឹងមិនបោះបង់ចោលការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះតៃវ៉ាន់ឡើយ។ សាមគ្គីភាពរបស់អាមេរិកជាមួយតៃវ៉ាន់គឺសំខាន់ណាស់ នោះគឺជាសារដែលយើងកំពុងនាំមកទីនេះថ្ងៃនេះពីរាជធានីភ្នំពេញ៕

ប្រភព៖ Sputnik

Share.