សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានលើកយកបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមកពិភាក្សា ដោយនៅក្នុងឱកាសនោះ សម្ដេចបានបង្ហាញអារម្មណ៍មិនស្កប់ចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា និងចិន។

«អ្វីដែលកម្ពុជាចង់ឃើញ ថ្វីដ្បិតមកដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឡើងដល់ជាង១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២ ទើបតែមកដល់រយៈពេល ៧ខែនេះទំហំពាណិជ្ជកម្មរបស់យើងឡើងដល់ជាង៩ពាន់លានដុល្លារទៅហើយ អ្វីដែលជាគោលដៅថ្មីរបស់ទំហំពាណិជ្ជកម្មកម្ពុជាជាមួយនឹងចិន គឺស្នើឱ្យឡើងទៅដល់១៥ពាន់លានដុល្លារ»។ នេះជាសម្រង់ខ្លឹមសារជំនួបដែលសម្ដេចបានតេជោបានថ្លែង និងត្រូវបានចេញផ្សាយលើទំព័រហ្វេសប៊ុកផេកសម្ដេច។

មានមូលហេតុ៣នៅពីក្រោយមហិច្ចតានេះ ដោយសម្ដេចតេជោបានគូសបញ្ជាក់ថា«យើងមានទី១.យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចូលជាធរមានហើយ, ទី២.ដោយសារយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងកូរ៉េ ហើយទី៣.យើងមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ ដែលហៅថាអាសីប ដែលបានចូល ជាធរមានកាលពីខែមករា ឆ្នាំ២០២២ ផងដែរ»។

សម្ដេចតេជោក៏បានគូសបញ្ជាក់នៅក្នុងជំនួបនេះដែរថាកាលពីព្រឹកថ្ងៃទី៣ ខែសីហានេះ សម្ដេចបានស្នើឲ្យបណ្ដាសមាជិកអាស៊ានទាំងអស់គាំទ្រប្រទេសកម្ពុជាដាក់លេខាធិការដ្ឋានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នៅរាជធានីភ្នំពេញ ហើយសម្ដេច ក៏បានស្នើឲ្យប្រទេសចិន ជួយគាំទ្រដល់សំណើរបស់សម្ដេចផងដែរ ដែលប្រទេសចិន ជាប្រទេសមួយដ៏ធំនៅក្នុងក្របខណ្ឌអាសិបនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើតាមរយៈឯកឧត្តមប្រមុខការទូតចិន បន្តជួយកម្ពុជា តាមរយៈការនាំចូលនូវកសិផល និងផលិតផលកសិកម្មទៅកាន់ប្រទេសចិន មានដូចជា អង្ករ ផ្លែមៀន និងបណ្ដាផលិតផលកសិកម្មផ្សេងៗទៀត ដោយសារតម្រូវការនៅទីផ្សារចិនមានច្រើន។ សម្ដេចក៏បានស្នើឲ្យប្រទេសចិន បន្តបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម វ៉ាង យី បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយឯកឧត្តមបានថ្លែងអំណរគុណសម្ដេច ដោយបានលើកចំណុចទាំងឡាយនោះ ជាពិសេសទៀត គឺជាការបង្ហាញនូវកិច្ចសន្ទនាមួយដែលមានសារៈសំខាន់។​ ពាក់ព័ន្ធនឹងវិស័យវិនិយោគ ឯកឧត្តម បានបញ្ជាក់ថា ថ្វីដ្បិតបច្ចុប្បន្ន ប្រទេសចិន មានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិន និងបន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។​

ពាក់ព័ន្ធនឹងការនាំចូលនូវកសិផលនៃវិស័យកសិកម្មវិញ ចិនពិតជារីករាយនូវការបន្តនាំចូលកសិផល និងផលិតផលពីប្រទេសកម្ពុជា ដោយឯកឧត្ដមបានគូសបញ្ជាក់ថា ប្រទេសចិន ជាទីផ្សារធំ ដូច្នេះហើយអាចមានតម្រូវការច្រើន។ ពាក់ព័ន្ធនឹងជើងហោះហើរ ឯកឧត្តមបានមានប្រសាសន៍ថា ជើងយន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិន នឹងពិចារណាក្នុងការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ៕

Share.