ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យ៉ី បានបង្ហាញការយល់ឃើញអំពីផលលំបាករបស់សម្ដេច ដែលត្រូវប្រឈមនឹងបញ្ហាច្រើន ក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។

ការបង្ហាញការយល់ឃើញនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម និងសម្ដេចតេជោ ហ៊ុន សែន បានផ្លាស់ប្ដូរមតិយោបល់គ្នា លើបញ្ហាសភាពការណ៍នៅមីយ៉ាន់ម៉ា បញ្ហាសង្រ្គាមអ៊ុយក្រែន និងស្ថានភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ ជាពិសេស នៅក្នុងពេលបច្ចុប្បន្ន។ នេះបើតាមព័ត៌មានបង្ហោះលើផេកសម្ដេចតេជោ។

ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍ថា «សម្ដេចក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ មានការប្រឈមជាច្រើន ដូចដែលសម្តេចមានប្រសាសន៍ថា បញ្ហានេះមិនមែនជាដំឡូងក្ដៅទេគឺជាថ្មក្ដៅ ដែលបន្ថែមម្ដងបន្តិចម្ដងបន្តិចថ្មក្ដៅនេះឱ្យទៅជាមាសបាន ដោយសារការពិនប្រសព្វ និងបទពិសោធន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី»។

ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ប្រមុខការទូតជាច្រើន ដូចជាចិន អាមេរិក ជប៉ុន ជាដើម ក៏កំពុងមានវត្តមានចូលរួមកិច្ចប្រជុំនៅភ្នំពេញដែរ។ ឯកឧត្ដម វ៉ាង យ៉ី ជឿជាក់ថា កម្ពុជា មានគោលជំហរមួយដ៏អស្ចារ្យនៅក្នុងពិភពលោកនេះ តាមរយៈការងារជាប្រធានអាស៊ាន។ នេះបើតាមប្រភពដដែរ៕

Share.