នៅពេលរដ្ឋមន្រ្តីការបរទេសអាស៊ានកំពុងជួបប្រជុំនៅរាជធានីភ្នំពេញ បញ្ហាច្រកសមុទ្រចិន និងតៃវ៉ាន់ បានហក់ឡើងជាប្រធានបទក្ដៅមួយភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចប្រធានរដ្ឋសភាអាមេរិកនៅកោះតៃវ៉ាន់ បានធ្វើឱ្យរដ្ឋបាលក្រុងប៉េកាំងបញ្ចេញការប្រតិកម្មខ្លាំងៗ ពិសេសតាមរយៈសកម្មភាពយោធា។ ពីរាជធានីភ្នំពេញ រដ្ឋមន្រ្តីការបរទេសអាស៊ានបានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ជំហរ៤ចំណុចដូចខាងក្រោម៖

អាស៊ានមានការព្រួយបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗនេះនៅតំបន់ក្បែរអាស៊ានដែលអាចបង្កអស្ថិរភាពដល់តំបន់ ហើយអាចនឹងនាំឱ្យមានការគណនាខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ជម្លោះដោយចំហរ និងផលវិបាកដែលមិនអាចព្យាករណ៍បានក្នុងចំណោមមហាអំណាច។

អាស៊ានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពញុះញុង ហើយប្រកាន់ខ្ជាប់គោលការណ៍នានាដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នយ៍។ យើងរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយដែលដាក់ចេញដោយប្រទេសនីមួយៗ។

ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃនិងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការប្រកួត ប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួមរបស់យើងគឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាបន្ន។

យើងគួរតែរួមគ្នា ហើយអាស៊ានត្រៀមខ្លួនជាស្រេចក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងការ សម្របសម្រួលការសន្ទនាដោយសន្តិវិធីរ៉វាងគ្រប់ភាគី រួមទាំងតាមរយៈការប្រើប្រាស់យន្តការដែល ដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុង តំបន់របស់យើង។

ដោយឡែកក្រៅពីក្របខណ្ឌរដ្ឋមន្រ្តីការបរទេសអាស៊ាន រាជរដ្ឋាភិបាលកម្ពុជាដែលជាម្ចាស់ផុ្ទះ និងជាប្រធានអាស៊ានផងនោះ ក៏បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែក ដើម្បីបង្ហាញថាខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍វិវឌ្ឍន៍ថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ ដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយដែល ត្រូវបានចុះហត្ថលេខារវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដូចដែលមានចែងក្នុង សេចក្តីថ្លែងការណ៍រួមនានាកន្លងមក រវាងភាគីទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវ “គោលនយោបាយចិនតែមួយ» ដោយឥតងាករ ហើយ ចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជា សិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។

រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយ សន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

Share.