បំណុលទាំងការទាំងដើមជិត៧០០លានដុល្លារដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកតាំងពីសម័យសាធារដ្ឋខ្មែរ(របបលន់ ណុល)បានស្ថិតនៅក្នុងរបៀបវារៈនៃជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។

ការលើកឡើងអំពីបំណុលដែលកម្ពុជាជំពាក់អាមេរិកនេះ មិនមែនជាលើកទី១នោះឡើយ សម្រាប់ភាគីកម្ពុជា។នៅក្នុងរដ្ឋការរបស់ប្រធានាធិបតីមុនៗក៏កម្ពុជាធ្លាប់បានលើកនូវសំណើ បែបនេះដែរទាំងក្នុងកម្រិតការទូតក៏ដូចជាមេដឹកនាំកំពូលនៃប្រទេស។

ជាការឆ្លើបតប អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Ruth Sherman បានព្រមទទួលយកសំណើរបស់សម្តេចតេជោ ហ៊ុន សែន រឿងបំណុលកម្ពុជាជំពាក់សម័យសង្គ្រាមទៅជូនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពិចារណា។

សម្តេចតេជោហ៊ុន សែនបានបញ្ជាក់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា ក្នុងជំនួបនោះ សម្តេចបានស្នើយន្តការដោះស្រាយលើបំណុលនេះចំនួន៣លក្ខខណ្ឌ រួមមាន៖ ១៖ អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលបន្តិចម្តងៗ, ២៖ សងតាមកម្មវិធីរំលោះការប្រាក់ត្រឹមមួយភាគរយ និងទី៣៖ បង្វែរបំណុលជាង ៧០ភាគរយ ទៅជាជំនួយអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យអប់រំ    វប្បធម៌ និងដោះមីន ក៏ដូចជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះវិញ។

សូមរំលឹកជូនថា រដ្ឋាភិបាលសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ ណុល បានជាប់ជំពាក់បំណុលរដ្ឋាភិបាលអាមេរិកប្រមាណ ២៧៤លានដុល្លារ ដែលមកដល់បច្ចុប្បន្នបំណុលនេះ បានឡើងដល់ជិត ៧០០លានដុល្លារហើយ៕

Share.