ឯកឧត្តម គង់ ភោគ កំពុងបំពេញតួនាទីជាអ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បន្ថែមលើមុខតំណែងស្នូលជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ត្រយង សូមផ្ដល់ព័ត៌មានខ្លះៗជូនប្រិយមិត្តឱ្យស្គាល់ឯកឧត្តម គង់ ភោគ។

ស្រុកកំណើត និងប្រវត្តិសិក្សា៖ ឯកឧត្តម គង់ ភោគ មានស្រុកកំណើត នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ នេះបើតាមការអត្ថាធិប្បាយរបស់ឯកឧត្តមកន្លងមក និងព័ត៌មានលើគណនីហ្វេសប៊ុកផ្ទាល់។ ឯកឧត្តម ធ្លាប់ជាសិស្សរៀនឌុបថ្នាក់ ប៉ុន្តែដឹងខ្លួនទាន់ក៏កែប្រែអាកប្បកិរិយាពេលរៀនធ្លាក់ថ្នាក់ទី៨។ ឥស្សរជនរូបនេះ ធ្លាប់បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា កាលនៅរៀនអនុវិទ្យាល័យ ឯកឧត្តមធ្លាប់ជាសិស្សកំហូច មិនចូលរៀន «កាលនោះខ្ញុំមិនសូវចូលរៀនទៀងទាត់ប៉ុន្មានទេ ដោយចំណាយពេលរៀនទៅដើរលេង»។

បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០០០ ឯកឧត្តម គង់ ភោគ បានឡើងមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សាទៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជំនាញវិស្វករ។ សិក្សាបានពីរឆ្នាំ ទើបឯកឧត្តមដឹងច្បាស់ថាជំនាញនេះមិនមែនជាចំណង់ចំណូលចិត្តខ្លួន។ ដឹងថាខ្លួនមាននិស្ស័យចូលចិត្តនិយាយច្រើន និងប្រាស្រ័យទាក់ទងជាមួយមនុស្ស នៅឆ្នាំទី៣ ឯកឧត្តមក៏ងាកមករៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ជំនាញសេដ្ឋកិច្ចវិញ។

នៅឆ្នាំ២០០៦ ក៏ទទួលបានអាហារូបករណ៍ និងរៀនយកសញ្ញាបត្រឌីប្លូម៉ាជំនាញរដ្ឋបាលសាធារណៈ និងអនុបណ្ឌិតជំនាញនយោបាយសេដ្ឋកិច្ចនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី។ នៅឆ្នាំ២០១០ ឯកឧត្តមក៏បានជាប់អាហារូបករណ៍ទៅសាកលវិទ្យាល័យ Warwick ប្រទេសអង់គ្លេស រហូតបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត។

ការងារ៖ ក្រៅពីការស្រាវជ្រាវ ឯកឧត្តម គង់ ភោគ ក៏ចូលចិត្តចំណាយពេលសរសេរអត្ថបទវិភាគផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិចែករំលែកទៅកាន់អ្នកអានផ្សេងទៀតដែរ។ អត្ថបទឯកឧត្តម ត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Phnom Penh Post, The Cambodia Daily, The Diplomat និង Institute of Southeast Asian Studies ជាដើម។

នៅឆ្នាំ២០១៤ ឯកឧត្តម គង់ ភោគ បានក្លាយជាសហស្ថាបនិកនៃវិទ្យាស្ថានកម្ពុជាដើម្បីការសិក្សាយុទ្ធសាស្ត្រ (CISS) មុននឹងចូលរួមការងារជាមួយរដ្ឋាភិបាល ជាអ្នកជំនាញផ្នែកនយោបាយការបរទេសក្នុងការិយាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។

នៅឆ្នាំ២០១៨ ឯកឧត្តម ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ឧទ្ទេសនាឱ្យកាន់មុខតំណែងជាអគ្គលេខាធិការរងអាស៊ាន និងបានស្បថចូលកាន់តំណែងជាអគ្គលេខាធិការរងអាស៊ាន កាលពីថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការអាស៊ានដែលមានមូលដ្ឋានក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌ (ASCC) ដែលមានអាណត្តិពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។

នៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១ ឯកឧត្តម គង់ ភោគ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមបានសរសេរសារបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី១ ខែវិច្ឆិកា អរគុណសម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ដែលបានជឿទុកចិត្ត និងផ្តល់ឱកាសឲ្យខ្លួនបម្រើជាតិ និងប្រជាជន។

នៅឆ្នាំ២០២២នេះ កម្ពុជាដល់វេនធ្វើជាប្រធានអាស៊ាន។ តាមរយៈកិច្ចព្រមព្រៀង៥ចំណុច ប្រធានអាស៊ាន គឺសម្ដេចតេជោ ហ៊ុន សែន ត្រូវតែងតាំងប្រេសិតពិសេសមួយរូបដើម្បីបំពេញបេសកកម្មជំរុញការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសប្រធានអាស៊ាន ហើយ ឯកឧត្តម គង់ ភោគ ដែលមានប្រវត្តិការងារជាអគ្គលេខាធិការរងអាស៊ាន និងជារដ្ឋលេខាធិការក្រសួងការបរទេសស្រាប់ផងនោះ ក៏ត្រូវបានប្រគល់ភារកិច្ចជាប្រធានការិយាល័យ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា។

អាចនិយាយបានថាឆ្នាំ២០២២នេះ ជាឆ្នាំដែលឯកឧត្តម គង់ ភោគ ចេញមុខច្រើនក្នុងប្រព័ន្ធផ្សព្វផ្សាយ ដ្បិតរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យធ្វើជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកំពុងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ។

ប្ដីការទូត ប្រពន្ធកងទ័ព៖ ភរិយារបស់ឯកឧត្តម គង់ ភោគ គឺលោកជំទាវ ម៉ាលី សុជាតា។ ស្រ្តីឥស្សរជនវ័យក្មេងរូបនេះ មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ លោកជំទាវ ម៉ាលី សុជាតា ជាកូនស្រីឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកកាសែតជើងចាស់មួយរូបនៅកម្ពុជា៕

Share.