ភ្នំពេញ ៖ យុវជនជាសិស្សសាលា២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្តបែនដឹកខ្សាច់ បើកបុកកិនម៉ូតូនៅវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ២ ខាងលិចក្បែរសាលាសង្កាត់ព្រែកកំពឹស ចំណុចភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពយុវជនរងគ្រោះឈ្មោះ សុភ័ក្រ វីរៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ (ស្លាប់នៅកន្លែងកើតហេតុ) ។ អ្នកជិះខាងក្រោយមានឈ្មោះ ធីម គីមឡុង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទំនៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ស្លាប់នៅកន្លែងកើតហេតុផងដែរ) ។

ចំណែកអ្នកបើកបររថយន្តឈ្មោះ ប៊ុត ដា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បើកបរ មានទីលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ (ឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកកំពិស សមត្ថកិច្ចឃាត់ខ្លួន)។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកធូដេ ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-3846 ឌុបគ្នាចេញពីសាលា តាមបណ្តោយផ្លូវជាតិលេខ២ ពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បែនកង់៦ ដឹកខ្សាច់ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0234 បើកល្បឿនលឿបុកពីក្រោយ កិនជនរងគ្រោះស្លាប់ទាំង២នាក់ ម៉ូតូជាប់ពីក្រោមរថយន្តអូសច្រើនម៉ែត្រ ផ្អើលបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចប៉ុស្តិ៍នៅក្បែរនោះចេញមកឃាត់ខ្លួនបានអ្នកបើកបរ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យជាក់ស្តែង រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបរផង សមត្ថកិច្ចមូលដ្ឋានប្រគល់ជូនការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖សេង សាវី

Share.