មីក្រូហិរញ្ញវត្ថុ JACCS ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ជប៉ុន កំពុង​ប្រកប​អាជីវកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​​ក្លាយ​ជា​ដៃ​ឧបត្ថម្ភ​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុម​ហ៊ុន​បាល់ទាត់ Cambodian Premier League សម្រាប់​ដំណើរការ​នៅ​ឆ្នាំ​២០២២ នេះ។

លោក Satoshi Saito នាយក​ក្រុមហ៊ុន Cambodian Premier League បាន​​បញ្ជាក់​ថា​ មុន​នឹង​ចុះ​​អនុស្សរណៈ​យោគ​យល់គ្នា​​​រវាង​ក្រុម​ហ៊ុន​ទាំង​២​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​សីហា ឆ្នាំ​២០២២ នៅ​ Raintree ក្នុង​រាជធានី​ភ្នំពេញ ថា​​លោក Narita លោក Takahashi លោក Nakamura និង​​បុគ្គលិក​របស់ JACCS បាន​ចូលរួម​ទស្សនា​ការ​ប្រកួត​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា នៅ​កីឡដ្ឋាន Smart RSN ព្រម​ទាំង​បង្ហាញ​ពី​ទឹកចិត្ត​រំភើប​និង​គាំទ្រ​ខ្លាំង ប៉ុន្តែ​កាល​នោះ​លោក Saito គិត​ថា​ជា​ចូល​ចិត្ត​បាល់ទាត់​ធម្មតាៗ​ប៉ុណ្ណោះ មិន​នឹង​ស្មាន​ថា​ឈាន​ដល់​ការ​ចុះ MOU ជាមួយ​គ្នា​នោះ​ទេ។

«នៅ​ក្នុង​បាល់ទាត់​យើង​ត្រូវ​ការ [ការ​វិនិយោគ] បន្ថែម​ទៀត​ទៅ​លើ​កន្លែង​កីឡា​បាល់ទាត់​ដូចជា​កីឡដ្ឋាន កន្លែង​ហ្វឹកហាត់ និង​ឧបករណ៍ ក្លិប ការិយាល័យ និង​ច្រើន​ទៀត​ចំពោះ​អ្នក​គ្រប់គ្រង អ្នក​ដែល​គ្រប់គ្រង​ក្លិប​បាល់ទាត់​និង​ការ​ប្រកួត មន្រ្តី បុគ្គលិក ហើយ​នឹង​កីឡាករ»។ លោក Saito សង្កត់ធ្ងន់។

លោក Narita នាយក​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា​៖«មូលហេតុ​ដែល​យើង​សម្រេច​ចិត្ត​ចូលរួម​​ឧបត្ថម្ភ CPL លើក​នេះ​គឺ​ដោយ​សារ​ផ្តើម​ចេញ​ពី​លោក Saito ដែល​ជា​នាយក​ក្រុមហ៊ុន​ បុគ្គលិក​របស់ CPL និង​ក្លិប​បាល់ទាត់​ទាំង​អស់​ដែល​មាន​ឆន្ទៈ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​​នៅ​កម្ពុជា។ ម្យ៉ាង​ យើង​ចង់​រួម​ចំណែក​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​វប្បធម៌​កីឡា​នៅ​កម្ពុជា ផង​ដែរ»។

មីក្រូហិរញ្ញវត្ថុ JACCS បាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា រយៈ​ពេល​៤ឆ្នាំ​មក​ហើយ មាន​អតិថិជន​ប្រមាណ​ជិត​៤ម៉ឺន​នាក់ ដោយ​ផ្តោយ​លើ​​គម្រោង​ពង្រីក​សាខា និង​កម្ចី​ផ្ទាល់​ខ្លួន និង​កម្ចី​រថយន្ត​ជាដើម ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។ បេសកកម្ម​របស់ JACCS គឺ​«អនាគត​ពោរពេញ​ដោយ​ក្តី​ស្រម៉ៃ» និង«សង្គម​ដែល​សំបូរ​រុងរឿង» សម្រាប់​ប្រជាជន​កម្ពុជា។ ពាក្យ​ស្លោក​របស់​ក្រុមហ៊ុន​គឺ «Seed The Future»។ ក្រុមហ៊ុន​បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥៤ មក​ម៉្លេះ​នៅ​នៅ​ប្រទេស​ជប៉ុន ហើយ​គិត​ត្រឹម​ពេល​នេះ​មាន​សាខា​នៅ​ក្រៅ​ប្រទេស​ដូចជា កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ព្រម​ទាំង​មាន​បុគ្គលិក​សរុប​ជាង​៦ពាន់​នាក់​ផងដែរ។

ការ​ឧបត្ថម្ភ​នេះ​គឺ​​ផ្តោត​ទាំង​ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 និង​​ពានរង្វាន់​លីគ​ទី២ Cambodian League 2។ លោក Narita បញ្ជាក់​ថា​​នឹង​ទិញ​សំបុត្រ​​ក្នុង​ការ​ប្រកួត​នានា​សម្រាប់​ផ្តល់​ជូន​បុគ្គលិក​របស់​ក្រុមហ៊ុន​និង​អតិថិជន​ខ្លួន​ចូល​ទស្សនា​ការ​ប្រកួត​ផង​ដែរ។

បើ​តាម​លោក Siato បញ្ជាក់​ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ JACCS មាន​ទិសដៅ​ដូចគ្នា​​នឹង CPL គឺ​ការ​គាំទ្រ​ដ៏​ល្អ រួម​ជាមួយ​អ្នក​ឧបត្ថម្ភ​ផ្សេង​ទៀត​ដូចជា Metfone, Panasonic, Suzuki, Molten ជាដើម។

ក្រុមហ៊ុន CPL កំពុង​តែ​ដំណើរការ​ប្រកួត​ពានរង្វាន់ Cambodian Premier League និង Cambodian League 2 ដែល​ចាប់​យក​ទស្សនិកជន​ប្រមាណ​ជា​៤០​ម៉ឺន​នាក់​ក្នុង​១​សប្ដាហ៍​ ហើយ​មាន​អ្នក​​ទស្សនា​តាម​អនឡាញ​ប្រមាណ​១ម៉ឺន​ទៅ​៣ម៉ឺន​នាក់​ក្នុង​១ប្រកួត ក្នុង​នោះ​មាន​ការ​បញ្ចេញ​មតិ (Comment) ប្រមាណ​៨ពាន់​និង​ចែក​រំលែក (Share) ប្រមាណ​៥ពាន់​លើ​ ហ្វេសប៊ុក​របស់​ខ្លួន៕

Share.