ភ្នំពេញ ៖ រថយន្តក្បាលអូសកុងតឺន័រមួយគ្រឿងបើកលឿនជ្រុលទៅបុកពីក្រោយម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភ្លើងស្តុបវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1I-9729 បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បង្អន់ល្បឿន ដោយសារភ្លើងស្តុបខាងមុខ ស្របពេលនោះស្រាប់តែរថយន្តបង្ក ក្បាលអូសកុងតឺន័រ ម៉ាក ហុីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-4122 បើកល្បឿនលឿន ពីជើងទៅត្បូង ជ្រុលបុកពីក្រោយ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ខូចខាតធ្ងន់ រងរបួសធ្ងន់ម្នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅព្យាបាល។ ចំណែក រថយន្តនិងម៉ូតូកង់បី រួមទាំងអ្នកបើកបររថយន្តផង សមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងរួចយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.