ភ្នំពេញ ៖ រថយន្តព្រុសមួយគ្រឿងបើកបរដោយជនជាតិចិន ឡើងឆ្លងកាត់ផ្លូវដែកមិនប្រុងប្រយ័ត្ន ត្រូវបានរថភ្លើងបើកបុកខ្ទេចផ្នែកខាងមុខ ខ្ទាតធ្លាក់ចុះមកផ្លូវក្រោមវិញ រងរបួសអ្នកបើកបរ កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវដែក ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្តខាងលើម៉ាកព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BK-5286 បើកបរដោយបុរសជនជាតិចិន ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តព្រុសបើកតាមផ្លូវលំស្របផ្លូវដែក ក្នុងទិសដីពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បត់ឡើងឆ្លងកាត់ផ្លូវដែក គោលបំណងឆ្ពោះទៅជើង តែដោយសារខ្វះការប្រុងប្រយ័ត្ន មិនទាន់ផុតផង ត្រូវបានរថភ្លើងខ្សែដឹកអ្នកដំណើរ បើកពីលិចទៅកើត បុកផ្នែកខាងក្បាលរថយន្តបណ្តាលឲ្យរងខូតខាតខ្ទេច បែកកង់ រងរបួសអ្នកបើកបររថយន្ត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ក្រោយកើតហេតុ រថយន្តភ្លើងគ្រាន់តែឈប់មើលបន្តិចរួចបន្តដំណើរទៅស្ថានីយ៍ រាជធានីភ្នំពេញបាត់ ដោយទុកតែតំណាង នៅកន្លែងកើតហេតុ រួចប្រគល់រថយន្តឲ្យទៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ស្ទូចលើកយកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុង សែនជ័យ

https://t.me/troryorngmedia
Share.